អភិបាលខេត្តកំពតបង្ហាញបំណងប្រែក្លាយខេត្តកំពតជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ ជាមួយផែនការបង្កើតផលិតផលទេសចរណ៍ថ្មីៗ

0

        ដោយៈ គង់ សូរិយា

        កំពតៈ អភិបាលខេត្តកំពត លោកម៉ៅ ធនិនបានបង្ហាញការប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបន្តថា រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ព​ស់វិស័យទេសចរណ៍ខេត្ត ប៉ុន្ដែតម្រូវឲ្យមន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករសូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិស​ណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។

ក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤កន្លងមកនេះ លោក ម៉ៅ ធនិន បានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឲ្យវិស័យទេសចរណ៍ ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តបានបន្តដាក់ចុះ នូវគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។

លោកបញ្ជាក់ថា “លោកនឹងធ្វើឲ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសក្លាយជាខេត្តតំបន់ឆ្នេរ ដែលមានភាពលេចធ្លោជាងគេ”។

លោកម៉ៅ ធនិនបានស្នើដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករទេសចរណ៍ សូមរក្សាឲ្យបាននូវបដិសណ្ឋាកិច្ចល្អ រមណី​យដ្ឋានស្អាត សេវាកម្មជឿទុកចិត្តបាន ពិសេសរក្សាឲ្យបាននូវតម្លៃសម​រម្យ មិនមានការតម្លើងថ្លៃ មានភាពស្មោះត្រង់ក្នុងការលក់ដូរ ដើម្បីទទួលបានការទុកចិត្ត ពីសំណាក់ភ្ញៀវទេសចរណ៍ ដែលមកសម្រាកកម្សាន្តក្នុងខេត្ត។

ជាងនេះទៅទៀត លោក ម៉ៅ ធនិន ក៏បានបង្ហាញអំពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ វិស័យទេសចរណ៍ជាច្រើនទៀត មានដូចជា បង្កើតសេវាកម្សាន្តតាមដៃព្រែកនានា ការបង្កើតផ្សារលើទឹក និងគម្រោងបង្កើតឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមួយបន្ថែមទៀតជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here