ការរីកចម្រើនទំនាក់ទំនងកម្ពុជា ចិនជាកត្តាលីករជម្រុញ លំហូរវិនិយោគចិន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា

ភាពរីកលូតលាស់ នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិន ឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើន ឆ្ពោះទៅរកវិបុលភាពនៃសហគមន៍ វាសនារួមកម្ពុជា-ចិន។

លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១៥ ឧសភា បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ​ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់ នៅកម្ពុជាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពីឱកាសវិនិយោគលើវិស័យដែលមានភាពលេចធ្លោនៅកម្ពុជា បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល១៥ឆ្នាំរួចមកហើយ។

ជាមួយគ្នានេះ លោកជា វុទ្ឋី បានថ្លែងនូវការកត់សម្គាល់អំពីភាពរីកលូតលាស់ នៃទំនាក់ទំនងសេដ្ឋកិច្ច រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែករវាងខេត្ត Zhejiang និងកម្ពុជា ដែលការណ៍នេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយល់ចិត្តគ្នាទៅវិញ ទៅមករវាងវិស័យឯកជនចិន និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិន ឱ្យមកប្រកបធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាព នៃសហគមន៍វាសនារួមកម្ពុជា-ចិន។

ឆ្លៀតឱកាសនៃជំនួបខាងលើ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនមេត្តាពិនិត្យ លទ្ធភាពបណ្តាក់ទុនវិនិយោគ លើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូ ជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលក៏បានបង្ហាញនូវការកត់សម្គាល់ អំពីភាពរីកចម្រើនឥតឈប់ឈរ របស់កម្ពុជា ហើយវឌ្ឍនភាពនេះហើយ គឺជាកម្លាំងចលករជំរុញក្រុមហ៊ុនក្នុងការបុកគ្រឹះ នៃមុខសញ្ញាវិនិយោគរបស់ខ្លួន ឱ្យកាន់តែមានពិពិធភាព និងចីរភាពនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here