ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណាលើកិច្ចព្រមព្រៀងភាពជាដៃគូរដ្ឋាភិបាល និងវិស័យឯកជន (PPP) ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក AZ Builder ដើម្បីបញ្ចប់កំពង់ផែទេសចរណ៍អន្តរជាតិកំពត។
យោងតាមរបាយការណ៍បឋមបានឱ្យដឹងថា ក្រុមហ៊ុន AZ Builder ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនអាជីវកម្មដ៏លេចធ្លោរបស់កម្ពុជា AZ Group បានផ្តល់ការវិនិយោគពី៥ ទៅ១០លានដុល្លារ ដើម្បីបើកដំណើរការកំពង់ផែនេះ។
ទោះបីជាការសាងសង់កំពង់ផែនេះ ត្រូវបានបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែវាមិនទាន់ដំណើរការនៅឡើយទេ ដោយសារបញ្ហាបច្ចេកទេសមួយចំនួន។
វិនិយោគិនដ៏មានសក្តានុពលAZ Builder ស្វែងរកការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ហើយសំខាន់គឺបូមដីតំបន់ជុំវិញ ដើម្បីសម្រួលផ្លូវទឹក សម្រាប់កប៉ាល់ដែលចូលកំពង់ផែ ដោយបង្កើនជម្រៅផ្លូវទឹក។
លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងកាលពីដើមខែនេះថា រដ្ឋាភិបាលប្តេជ្ញាធានាឱ្យកំពង់ផែនេះ មានសុវត្ថិភាព សម្រាប់ការប្រើប្រាស់ ហើយថាកំពុងផែនេះ អាចផ្ទុកនាវាបានច្រើនប្រភេទ។
លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលនឹងជ្រើសរើស ប្រតិបត្តិករកំពង់ផែ ដើម្បីចុះកិច្ចព្រមព្រៀង PPP ដោយតម្រូវឱ្យប្រតិបត្តិករកំពង់ផែបំពេញកាតព្វកិច្ចមួយចំនួន ដូចជា ការជីក បូមទឹក និងស្តារផ្លូវទឹកឡើងវិញ” ដោយលោកបានលើកឡើងថា សំខាន់កំពង់ផែថ្មីត្រូវមានគុណភាពស្តង់ដារអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ”។
លោក ប៉េង ពោធិ៍នា បានពន្យល់ថា ដៃគូដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ ក៏ត្រូវតែប្តេជ្ញាចិត្តក្នុងការសិក្សាលម្អិតអំពីបច្ចេកទេសរុករក ការដំឡើងឧបករណ៍ជំនួយសម្រាប់នាវាចរណ៍ រួមជាមួយនឹងការវិនិយោគយ៉ាងច្រើន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខរបស់កំពង់ផែ។
កំពង់ផែនេះនឹងដើរតួជាច្រកចេញ ចូលសម្រាប់ភ្ញៀវទេសចរតាមសមុទ្រចូលទៅកាន់ខេត្តកំពត រួមទាំងគោលដៅសំខាន់ៗដូចជាភ្នំបូកគោ និងកោះនៅជិតឆ្នេរសមុទ្រដូចជាកោះទន្សាយ ជាដើម។
កំពង់ផែនេះនឹងត្រូវតភ្ជាប់ ទៅនឹងបណ្តាញឆ្នេរនៃគោលដៅសក្តានុពលនៅទូទាំងប្រទេសកម្ពុជា រួមមាន កំពង់ផែនៅខេត្តព្រះសីហនុ កោះកុង កោះរ៉ុង និងកោះត្រល់។ សំខាន់បំផុត កំពង់ផែសមុទ្រក៏នឹងអនុញ្ញាត ឱ្យមានការជំរុញការតភ្ជាប់ ជាមួយអ្នកធ្វើដំណើរក្នុងតំបន់ពីកំពង់ផែនានាក្នុងដីគោក និងកោះនៃប្រទេសវៀតណាម ប្រទេសថៃ និងគោលដៅផ្សេងៗទៀត៕