ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំ Kick-off Meeting ជាមួយក្រុមការងារនៃធនាគារ Asian Infrastructure Investment Bank (AIIB) លើគម្រោងរចនាសម្ព័ន្ធនៅតាមព្រំដែនកម្ពុជា។
កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី១៥ ឧសភា ត្រូវបានដឹកនាំដោយលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរចនាសម្ព័ន្ធ នៅតាមព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំ Kick-off Meeting ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំ គម្រោងរចនាសម្ព័ន្ធនៅតាមព្រំដែន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងអគ្គនាយក ជាថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសជំនាញពាក់ព័ន្ធ និងតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារនៃធនាគារ AIIB (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ)។
គោលបំណងសំខាន់នៃកិច្ចប្រជុំ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការចាប់ផ្តើមអនុវត្តគម្រោង ដែលផ្តោតលើការងារមួយចំនួនដូចជា៖ បទពិសោធន៍នៃការអនុវត្តគម្រោងរបស់ (AIIB) កិច្ចលទ្ធកម្មការងារបច្ចេកទេស ផ្នែកហិរញ្ញវត្ថុ ផ្នែកសង្គម និងបរិស្ថាន។
គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ( Cross-border Facility Project ) នៅកម្ពុជា ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារ Asian Infrastructure Investment Bank (AIIB) ដើម្បីធ្វើការអភិវឌ្ឍរចនាសម្ព័ន្ធនានា នៅតាមព្រំដែន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា និងការកើនឡើងពាណិជ្ជកម្មតាមព្រំដែន៕