ដោយ វិសេស
ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកបានចាប់ផ្ដើមងាក មកវិនិយោគលើគម្រោងបង់រំលស់ដីកសិកម្ម ដោយពួកគេគិតថាគម្រោងបែបនេះនេះ នឹងជួយលើកស្ទួយវិស័យកសិកម្ម ដោយជួយអភិវឌ្ឍដីស្រែចម្ការទុកចោលឱ្យក្លាយជាតំបន់ពណ៌បៃតង និងជាតំបន់ទេសចរណ៍ និងជាគម្រោង ដែលជួយឱ្យពលរដ្ឋទទួលបាននូវ កំណប់ទ្រព្យតកូនតចៅផងដែរ។
លោក ហង្ស ព្រីន្សយ៉ា នាយកប្រតិបត្តិក្រុមហ៊ុនហង្សម្ចាស់ដី ឌីវែលឡុបម៉ិនបាន ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងទទួលបានជោគជ័យខ្លាំង លើគម្រោងប្រមូលទិញដី ដើម្បីដាំដុះដំណាំ រួចពុះលក់ចម្ការ នោះ ជាហិកតា ឱ្យពលរដ្ឋទិញបង់រំលស់។ លោកបន្តថា ចម្ការដូងក្រអូប ចំការប័រ និងចំការទុរេន នៅក្នុងខេត្តចំនួនបួន ដូចជាខេត្ត ពោធិ៍សាត់ សៀមរាប មណ្ឌលគីរី និងខេត្តកំពត លើផ្ទៃដីជាង ៧ពាន់ហិកតា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគម្រោងនោះ ក្រៅពីជួយលើកកម្ពស់វិស័យកសិកម្ម ក៏ជួយបង្កើតសេវាកម្មនានា បង្កើតការងារ និងបង្កើនផលិតផលកសិកម្មនៅកម្ពុជា។
លោកបានឱ្យដឹងថា ដីចម្ការដំណាំដែលពុះលក់នេះមានតម្លៃពី ១៤,០០០ដុល្លាររហូតដល់ជាង ៤ម៉ឺនដុល្លារក្នុងមួយហិកតា។ ក្រុមហ៊ុននឹងពុះលក់ចម្ការក្រូច និងចម្ការឫស្សី ជាហិកតាៗឱ្យទិញបង់រំលស់ដូចគ្នាដែរ។ តម្លៃដែលលក់ជូននេះ បូកបញ្ចូលថ្លៃផ្ដល់ពូជដំណាំ និងសេវាថែទាំដំណាំ រយៈពេល ៤ឆ្នាំរហូតបានផល ដែលមានន័យថា ម្ចាស់ដែលទិញដីចម្ការ រង់ចាំតែទទួលផលស្រាប់តែម្ដង។
តាមការឱ្យដឹងមកទល់ពេលនេះ ក្រុមហ៊ុនប្រមូលទិញដីស្រែ និងដីចម្ការពលរដ្ឋ បានប្រមាណជាងមួយម៉ឺនហិកតា នៅទូរទាំងប្រទេស ទើបឈានដល់ការពុះជាឡូត៍ ក្នុងទំហំមួយឡូត៍មួយហិកតា។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា សកម្មភាពពុះដីឡូត៍សំរាប់វិស័យកសិកម្មមិនមានច្រើននោះទេ តែការពុះដីឡូត៍បែបនេះ ប្រសិនជាធ្វើតូចៗវាជាគ្រោះថ្នាក់ ដោយសារវាជាប្រភេទដីសម្បទាន។ ផ្ទុយទៅវិញបើជាដីចំការធំៗ និងមានទំហំដីធំចាប់ពី ១ហិកតាឬលើសពីនេះឡើងទៅ វាមិនសូវមានបញ្ហានោះទេ ព្រោះវាជាគំរោងអភិវឌ្ឍន៍ ដែលអ្នកវិនិយោគអាចស្វែងរកសុំប្លង់រ៉ឹងបាន សំរាប់គំរោងអភិវឌ្ឍន៍នានារបស់ពួកគេ៕