គម្រោងអភិវឌ្ឍន៍លំនៅឋានបែបជប៉ុនដំបូងគេនៅកម្ពុជាចាប់ផ្ដើមហើយក្នុងតំបន់ទីក្រុងរណបING CITY

0

ដោយៈ សហសេវិក

ភ្នំពេញៈ ក្រុមហ៊ុនអាយអិនជី ហូលឌីង (ING Holdings) និងក្រុមហ៊ុនកូជីម៉ា  ហូលឌីង(KOJIMA Holdings) និងក្រុមហ៊ុន យូ អ លីងខេក (UR Linkage) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការអភិវឌ្ឍ គម្រោងលំនៅដ្ឋានទំនើបបែបជប៉ុន​​ដំបូងគេនៅរាជធានីភ្នំពេញ។

គំរោងអភិវឌ្ឍន៍បុរីនេះ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបING CITY ដោយមានការចូលរួមពីលោក អុឹង ស៊ីវខូវ អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង, លោក KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយកក្រុមហ៊ុន កូជីម៉ា ហូលឌីង, លោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន យូ អ លីងខេក និងគណៈគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយអិនជី ហូលឌីង លោកអភិបាលរង នៃរដ្ឋបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា និងមន្រ្តីសាលាខណ្ឌមានជ័យ និងបណ្ដាក្រុមហ៊ុនជាដៃគូអាជីវកម្មជាច្រើនទៀត នៅសណ្ឋាគារ សូហ្វីតែល​ ភ្នំពេញ។

តាមផែនការគម្រោងអភិវឌ្ឍន៍ លំនៅដ្ឋានទំនើបបែបជប៉ុនលើកទី១នៅកម្ពុជានេះ​ នឹងត្រូវធ្វើការសិក្សាប្លង់រចនាលម្អិត និងកិច្ចការពាក់ព័ន្ធ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ក្រុមហ៊ុនទាំងបី​​ ពិចារណានិងធ្វើការសម្រេចចិត្តលើការអភិវឌ្ឍ​ ប្រតិបត្តិការ​ និងដំណើរការលក់ជូនអតិថិជន ដោយគ្រោងនឹងបញ្ចប់ការសិក្សា នៅដំណាច់ឆ្នាំ២០២៤នេះ​ និងឈានទៅដំណាក់កាលសាងសង់ និងលក់​ នៅដើមឆ្នាំ២០២៥ខាងមុខ។​

គម្រោងនេះ នឹងក្លាយជាគម្រោងធំទី២ ​របស់ជប៉ុននៅក្នុងទីតាំងតំបន់អភិវឌ្ឍន៍ទីក្រុងរណប​ អុឹង​ ស៊ីធី   (ING City) បន្ទាប់ពី ផ្សារទំនើប អ៊ីអន មានជ័យម៉ល​ (AEON3)។

លោកមាន ចាន់យ៉ាដាដែលអញ្ជើញជាអធិបតីក្នុងពិធី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនវិនិយោគជប៉ុនទាំង២ ដែលបានសហការជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង លើការអភិវឌ្ឍវិស័យអចលនទ្រព្យបន្ថែមទៀត ក្នុងភូមិសាស្ត្រទីក្រុងរណបបឹងទំពុន និងជើងឯក ដែលជាទីក្រុងរណបថ្មី (អុឹង​ ស៊ីធី ) ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង ដែលបានផ្តួចផ្តើម ឱ្យមានការអភិវឌ្ឍនៅតំបន់នេះ ដែលកាលពីមុនជាតំបន់វាលទំនាប និងលិចទឹកនារដូវវស្សា ហើយក្រុមហ៊ុនក៏បានសិក្សា ប្លង់មេ (Master Plan) នៃគម្រោង ដែលជាត្រីវិស័យបម្រើឱ្យ ការរៀបចំនគរូបនីយកម្មក្នុងតំបន់ សំដៅប្រែក្លាយជាទីក្រុងរណបដ៏ប្រណីតពណ៌បៃតង។

លើសពីនេះ ក្រុមហ៊ុនបានចំណាយថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ និងផ្ទៃដីកម្មសិទ្ធិមួយចំនួន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារ ណៈ រួមមាន មហាវិថីចំនួន៣ ខ្សែ  (មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាវិថីឈុន គង់ ព្រមទាំងផ្លូវមេ-ផ្លូវរណបនានា និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀត ហើយក្រុមហ៊ុនក៏បានបោះទុនវិនិយោគ ដោយសហការជាមួយក្រុមហ៊ុន វិស័យឯកជនទាំងក្នុង និងក្រៅស្រុក ដើម្បីអភិវឌ្ឍ វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងតំបន់ផងដែរ។

លោក TANINAI Ichitomo អនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះការចុះអនុស្សរណៈយោគយល់គ្នា លើកដំបូងរវាងក្រុមហ៊ុនជប៉ុនជាមួយក្រុមហ៊ុនក្រុមហ៊ុន អាយអិនជី ហូលឌីង ដោយបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

លោកបន្តថា តាមរយៈគម្រោងនេះ នឹងនាំមនូវបទពិសោធន៍នៃការរស់នៅ និងបច្ចេកវិទ្យារបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុន នឹងចាត់ចែងទាំងការរចនា ការសាងសង់ និងការគ្រប់គ្រងគម្រោង​អភិ​វឌ្ឍន៍ផ្ទះបែបជប៉ុន សុទ្ធសាធដំបូងគេនៅកម្ពុជា។

យោងតាមប្រសាសន៍ លោកអុឹង ស៊ីវខូវ  អគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុនពិតជារីករាយ ចំពោះវឌ្ឍនភាពនៃកិច្ចសហការរវាងក្រុមហ៊ុនទាំងបី ជាការឆ្លុះបញ្ចាំងនូវការបោះជំហានមួយថ្មីបន្ថែមទៀត នៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ដ៏មានសក្តានុពលនេះ ដែលនឹងកាន់តែជួយបង្កើន លើកមុខមាត់ទីក្រុងរណបអុឹង​ ស៊ីធី  ក៏ដូចជា ជម្រុញការចាប់អារម្មណ៍ ពីបណ្តាវិនិយោគទុនជាតិ និងអន្តរជាតិជាច្រើនថែមទៀត ចូលមកកាន់ទីក្រុងរណប អុឹង​ ស៊ីធី ដើម្បីប្រែក្លាយជាទីក្រុងរណបបៃតងប្រណិត និងវៃឆ្លាតធំដំបូងទី១ ពោរពេញដោយភាពទំនើបស៊ីវិល័យ ដូចទីក្រុងធំៗនៅបណ្តាប្រទេសជឿនលឿនផងដែរ។

ចំណែកលោក SAITO Masato អ្នកគ្រប់គ្រង ក្រុមហ៊ុន UR Linkage បានបង្ហាញអំពីគោលបំណងឆ្ពោះទៅមុខបន្តក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា ដើម្បីគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា។

លោកបន្តថា “ពេលនេះក្រុមហ៊ុន កំពុងបោះជំហានឆ្ពោះទៅរក លទ្ធភាពថ្មី រួមជាមួយក្រុមហ៊ុន ING Holdings និងក្រុមហ៊ុន Kojima Holdings”។ លោកបន្ថែមថា “ក្រុមហ៊ុន UR Linkage មានជំនឿចិត្តថាភាពជាដៃគូថ្មីនេះ នឹងក្លាយជាផ្លូវឆ្ពោះទៅរកភាព ជោគជ័យសម្រា​ប់ទាំងអស់គ្នា”។

លោក​ KOJIMA MASANOBU ប្រធានក្រុមប្រឹក្សាភិបាល​ និងជាអគ្គនាយក ក្រុមហ៊ុន កូជីម៉ា ហូលឌីង​​បានឲ្យដឹងថា  ក្រុមហ៊ុន កូជីម៉ា ហូលឌីង គឺជាក្រុមហ៊ុនធំមួយ មានប្រវត្តិអាជីវកម្មប្រមាណ១៣០ឆ្នាំ មានស្នាដៃជាច្រើនលើវិស័យអចលនទ្រព្យ សំណង់ទូទៅ ការគ្រប់គ្រងសណ្ឋាគារ​ អគារស្នាក់នៅរួម​ និងមណ្ឌលថែទាំមនុស្សចាស់ជាដើម ទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here