ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន American Skidmore, Owings & Merrill បានឈ្នះពានរង្វាន់ទីមួយ ក្នុងការប្រកួតប្រជែងការរចនាស្ថាបត្យកម្មសម្រាប់អគារ Financial Tower ដែលមានកំពស់១០៨ជាន់ នៅទីក្រុងហាណូយ។
យោងតាមគណៈកម្មការដាក់ពិន្ទុ និងកាត់សេចក្តី បានឱ្យដឹងថា ផែនការរចនាអគារខ្ពស់កប់ពពក Financial Tower នៅក្នុងគម្រោង North Hanoi Smart City បានរួមបញ្ចូលគ្នានូវស្ថាបត្យកម្មទំនើប និងប្រពៃណី ដែលរំលេចដោយទេសភាព៣៦០ដឺក្រេ នៃទេសភាពជុំវិញ។
គណៈកម្មាធិការរៀបចំ ការប្រកួតរចនាបានបញ្ជាក់ថា អគារមួយនេះ នឹងក្លាយជាអគារខ្ពស់ជាងគេ នៅក្នុងប្រទេសវៀតណាម ដោយរួមបញ្ចូលនូវសម្ភារៈ និងពណ៌តំណាងឱ្យធាតុមួយចំនួនដូចជា ទឹក សួនច្បារ ខ្យល់ និងព្រះច័ន្ទ ដើម្បីបង្កើតកន្លែងរស់នៅដ៏រស់រវើកស្របតាមធម្មជាតិ។
ការរចនានេះមានលក្ខណៈពិសេស ដូចជា ការរចនាបន្ទប់សង្កេតការណ៍នៅលើកំពូលអគារ ដែលមានបំពាក់ស៊្វែរវិលត្រាប់តាមវដ្តច័ន្ទគតិ ព្រមទាំងរួមបញ្ចូលគ្នា នូវការរចនាជញ្ជាំងទឹកហូរ និងរូបភាពចាំងឆ្លុះទៅលើផ្ទៃទឹក រួមជាមួយនឹងពន្លឺពីផ្ទៃព្រះច័ន្ទ។
លោក Phan Dang Son ប្រធានសមាគមស្ថាបត្យករវៀតណាម និងជាប្រធានគណៈកម្មាធិការជ្រើសរើសការរចនា បានមានប្រ សាសន៍ឱ្យដឹងថា សំណើប្រកបដោយភាពច្នៃប្រឌិត និងមានលក្ខណៈពិសេសរបស់ក្រុមហ៊ុន Skidmore, Owings & Merrill បានឆ្លើយតបនឹងចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងទំនើប និងឆ្លាតវៃ។
បន្ថែមពីលើនេះ ក្រុមហ៊ុន Skidmore, Owings & Merrill ក៏ជាអ្នករចនាអគារខ្ពស់ ជាងគេបំផុតរបស់ពិភពលោក គឺអគារ Burj Khalifa កម្ពស់១៦៣ជាន់ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមផងដែរ។
នៅពេលបញ្ចប់ការសាងសង់រួចរាល់ អគារ Financial Tower កម្ពស់១០៨ជាន់នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាអគារខ្ពស់បំផុតមួយ ក្នុងចំណោមអគារខ្ពស់ៗផ្សេងទៀត នៅក្នុងតំបន់អាស៊ាន។ នេះបើយោងតាមសារពត៌មាន Vnexpress។
អគារនេះ គ្រប់គ្រងដោយក្រុមហ៊ុន North Hanoi Smart City Investment Development JSC ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន BRG Group របស់វៀតណាម និងក្រុមហ៊ុន Sumitomo របស់ជប៉ុន ជាមួយនឹងទុនវិនិយោគសរុប ចំនួន៤,២ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpress៕
