ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ មហាសេដ្ឋីដែលជាអគ្គនាយកក្រុមហ៊ុន Alibaba លោក Jack Ma ដែលបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបកាលពីយប់ម៉ិញ បានស្នាក់នៅក្នុងខេត្តសៀមរាប និងកំពុងទស្សនាប្រាសាទអង្គរវត្តក្នុងតំបន់រមណីយដ្ឋានអង្គរ។

តាមប្រភពព៌តមានពីមន្រ្តី ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនាព្រឹកថ្ងៃទី១២ មិនានេះបានឲ្យដឹងថា លោក Jack Ma ក្រៅពីមកទស្សនកិច្ចកម្ពុជាក្នុងនាមជាភ្ញៀវទេសចរណ៍ លោកក៏នឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។
-->
ប្រភពដដែលបានបន្តថា លោក Jack Ma មកទស្សនាកម្ពុជា តាមរយៈក្រុមហ៊ុនប៊ុន ម៉ាដែលជាក្រុមហ៊ុនធំមួយកំពុងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត។
លោក សួង សុខហ៊ាង អ្នកវិនិយោគបុរី Stars Gold នាក្រុងប៉ោយប៉ែតបានមានប្រសាសន៍ឲ្យដឹងថា តាមគំរោង លោក Jack Ma នឹងមកទស្សនកិច្ចនៅក្រុងប៉ោយប៉ែត និងអញ្ជើញទៅទស្សនារមណីយដ្ឋានភូមិជ្រៃនាថ្ងៃនេះផងដែរ ប៉ុន្តែកាលវិភាគអាចមានការផ្លាស់ប្តូរបែបណាលោកនឹងធ្វើបច្ចុប្បន្នភាពជូន។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ប្រសិនជាលោក Jack Ma មកស្វែងរកឬមកវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ពិតជារឿងដ៏ល្អប្រសើរមែនទែន ព្រោះវាឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់កម្ពុជា ដោយសារមុនលោកសម្រេចចិត្តមកបោះទុនវិនិយោគលើវិស័យអ្វីមួយ លោកពិតជាបានសិក្សាពីទីផ្សារច្បាស់លាស់ហើយ៕
