ដោយ រ៉ាណេត
ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់នៃខេត្តព្រះសីហនុបានអះអាងថា ការទិញ និងការជួលដីនៅក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេល ២ខែដើមឆ្នាំ២០១៩នេះ ហាក់មានភាពនៅទ្រឹង ដោយសារតម្លៃដី និងតម្លៃនៃការជួលបានឡើងកប់ពពករួចទៅហើយ។
ចរន្តនៃការទិញលក់វិស័យអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុត្រូវបានគេដឹងឮមានភាពុះកញ្រ្ជោលជាខ្លាំង ក្រោយពីមានការសម្រុកចូលមកវិនិយោគយ៉ាហគំហុកពីសំណាក់អ្នកវិនិយោគជនជាតិចិន។ ប៉ុន្តែអ្វីដែលជាការគួរឱ្យគត់សម្គាល់នោះគឺនៅត្រឹមមួយរយៈពេលខ្លីនៃដើមឆ្នាំ២០១៩នេះ សកម្មភាពនៃការទិញលក់ ឬជួលអចលនទ្រព្យហាក់មានភាពនៅទ្រឹងមិនមានអ្វីប្រែប្រួលនោះឡើយ។
លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការសាលាខេត្តព្រះសីហនុបានឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១១ មិនាកន្លងមកថា ពេលនេះតម្លៃអចលនទ្រព្យទាំងក្នុងក្រុង និងក្រៅក្រុង នៅតែរក្សាសភាពធម្មតាដូចកាលពីឆ្នាំកន្លងទៅដដែល។
លោកបានបន្តថា ចំពោះសកម្មភាពទិញ ឬលក់ ជួលនៅក្នុងក្រុងព្រះសីហនុពេលនេះ គឺមិនមានអ្វីប្រែប្រួលនោះទេ ពោលគឺភាគច្រើននៅដំណើរការដូចកាលពីឆ្នាំចាស់កន្លងទៅនោះ។ លោកបន្តថា តម្លៃដីក្នុងតំបន់ក្រុង គឺនៅរក្សាតម្លៃប្រមាណជាង ៦០០-១០០០ ទៅដល់ ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលវាអាស្រ័យទៅតាមទីតាំងដែលជាតំបន់ពាណិជ្ជកម្ម ហើយដីដែលស្ថិតនៅជាប់តំបន់ឆ្នេរអាចត្រឹម៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែចំពោះដីដែលស្ថិតនៅក្រៅក្រុងក្នុងចម្ងាយប្រមាណជាង៣ ទៅ៥គីឡូម៉ែត្រឡើងមានតម្លៃប្រមាណ៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោក នង ឌីណារ៉ា បានបញ្ជាក់ទៀតថា នៅតំបន់ស្ទឹងហាវ កាលពីមុនយើងអាចទិញមួយម៉ែត្រការ៉េក្នុងតម្លៃ១០ដុល្លារ តែនាពេលបច្ចុប្បន្ននេះ គឺមិនអាចទិញបានឡើយពោលគឺតម្លៃទិញឡើងដល់គុណ២ ឬគុណ៣ ដែលតម្លៃនេះគឺចំពោះតែដីនៅជាប់ផ្លូវ បើដីនៅជាប់សមុទ្រត្រឹម តម្លៃ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺមិនអាចទិញបានឡើយ ។
ការពុះដីឡូដ៍លក់នៅតំបន់ស្ទឹងហាវ ឬការបែកចែកដីលំឋានមិនទាន់មាននៅឡើយទេ ព្រោះត្រូវបានគេចាត់ទុកតំបន់នេះ គឺជាតំបន់ឧស្សាហកម្ម និងពាណិជ្ជកម្មដ៏ធំប្រចាំនៅក្នុងខេត្តព្រះសីហនុ»។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា រាល់តម្លៃទាំងអស់ខាងលើនេះ វាជាតម្លៃដែលរក្សាកាលពីឆ្នាំកន្លងទៅទាំងអស់ ដោយឡែកចំពោះដើមឆ្នាំ២០១៩ នេះ ចំពោះចរន្តនៃការទិញ លក់ ឬជួល គឺមិនមានអ្វីប្រែប្រួលនោះទេ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ព្រះសីហនុពេលនេះហាក់មានភាពឆ្អែតហើយ។ លោកថា ពេលនេះបើសិនជាការទិញ ហើយយកមកប្រើផ្ទាល់វានៅតែមានភាពល្អប្រសើរ មិនជាបញ្ហានោះទេ ប៉ុន្តែបើទិញដើម្បីវិនិយោគបន្ត វាទំនងជាប្រើពេលយូរបន្តិចទើបទទួលបានផល។
លោកបន្តថា “តម្លៃនៅពេលនេះ វាមិនទាន់ដល់កំពូលនៅឡើយនោះទេ ប៉ុន្តែឱកាសនៃឡើងការឡើងគឺនៅមានតិចតួចតែប៉ុណ្ណោះ”៕