ដោយ រ៉ាណេត
ភ្នំពេញ៖ ខុសគ្នាកាលពីឆ្នាំកន្លងទៅ សម្រាប់ឆ្នាំ២០១៩នេះ ទីផ្សារអាផាតម៉ិនមានភាពកាន់តែមានភាពល្អប្រសើរ ខណៈដែលសកម្មភាពនៃការសាងសង់គម្រោងថ្មីៗក៏នៅតែកើតមានជាបន្តបន្ទាប់ ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ។
ទីផ្សារនៃការជួលអាផាតម៉ិន សម្រាប់ស្នាក់នៅត្រូវបានអ្នកជំនាញក្នុងវិស័យនេះបញ្ជាក់ប្រាប់ថា មានការបែងចែកចេញជា៣ប្រភេទ រួមមានកម្រិតA កម្រិតB និងកម្រិត C ។ ដោយឡែកចំពោះតម្រូវការនៃជួលស្នាក់នៅទៀត សោតក៏មានសន្ទស្សន៍ខុសគ្នាផងដែរ ដែលវាក៏អាស្រ័យទៅលើទីតាំង ទំហំបន្ទប់ បរិកាស ជាពិសេសគឺតម្លៃ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៣ មិនាកន្លងមកថា សម្រាប់ទីផ្សារអាផាតម៉ិននៅឆ្នាំ២០១៩នេះ គឺមានភាពល្អប្រសើរជាងកាលពីឆ្នាំកន្លងទៅនោះទៀត ។ នាយិការូបនេះបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៨ អាផាតមិនដែលដាក់សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារគឺមានចំនួន២០៤៣ Units ក្នុងនោះ កម្រិតA មានចំនួន១១៣៥ Units ហើយចំពោះកម្រិតB មានចំនួន៩០៨ Units ។
ដោយឡែកសម្រាប់ឆ្នាំ២០១៩នេះ វាអាចនឹងកើនឡើងរហូតដល់ចំនួន២៧៣៦ Units ដែលការកើនឡើងនេះ ក៏ព្រោះតែបំពេញទៅតាមតម្រូវការ ដែលកំពុងតែកើតមាន និងបន្តទៅថ្ងៃអនាគត។
អ្នកនាង អាន សុធីតា ក៏បានបញ្ជាក់ទៀតថា ជាទូទៅចំពោះតម្លៃនៃការជួលស្នាក់នៅប្រភេទ Great A អាចមានតម្លៃប្រមាណ២៥ដុល្លារសហរដ្ឋអាមេរិក។ កម្រិតB វិញអាចមានតម្លៃប្រមាណ១៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយម៉ែត្រការ៉េ ដែលវាអាស្រ័យទៅលើទីតាំងរបស់អាផាតមិន ទំហំនៃUnitនីមួយៗ ក៏ដូចជាបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃនានាផងដែរ។
ស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong ក៏បង្ហាញពីភាពសុទិដ្ឋិនិយមផងដែរថា ជាការពិត ទីផ្សារអាផាតមិនបច្ចុប្បន្ននេះ មានភាពល្អប្រសើរជាងឆ្នាំចាស់ ដែលសូម្បីតែតម្លៃនៃការជួលក៏ទទួលបានល្អដែរ។
ហេតុផលដែលធ្វើឱ្យទីផ្សារអាផាតមិនមានការផុលផុសខ្លាំង ក៏ព្រោះតែតម្រូវការនៃការស្នាក់នៅមានការកើនឡើង ដែលក្នុងនោះភាគច្រើនជាជនជាតិបរទេសប្រមាណជាង៩០ភាគរយ ដូចជាការលំហូរចូលនៃវត្តមានវិយោគិនក្រៅស្រុក បុគ្គលិកដែលបម្រើការងារក្រុមហ៊ុនបរទេស ក៏ដូចជាបុគ្គលិកដែលបម្រើការងារនៅតាមបណ្តាអង្គការនានាជាដើម។
អ្នកនាងបន្តថា ការស្នាក់នៅអាផាតម៉ិន គឺទទួលបានភាពកក់ក្ដៅ មានសុវត្ថិភាព មានសេវាកម្ម២៤ម៉ោង ជាពិសេសរាល់គ្រឿងបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃ គឺមានភាពទំនើប ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅ”៕