ដោយ គង់ សូរិយា
ភ្នំពេញ៖ អភិបាលខេត្តកោះកុងលោកជំទាវ ភូថង មិថុនា បានប្រកាសគាំទ្រខ្សែទស្សនាចរណ៍តាមរថយន្តឆ្លងកាន់ប្រទេសចំនួនបីដែលនឹងចាប់ផ្តើមនៅដើមខែមេសាខាងមុខនេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ដែលជាអ្នកដឹកនាំខ្សែទស្សនកិច្ចនេះ បានជួបជាមួយលោកជំទាវអភិបាលខេត្តកោះកុងនាព្រឹកថ្ងៃទី១៤ មិនានេះ និងបានមានប្រសាសន៍ថា អភិបាលខេត្តកោះកុង និងរដ្ឋបាលខេត្តទាំងមូលបានគាំទ្រលើគំរោង Caravan for Sustainable Tourism Development ដែលសហការរៀបចំដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ក្រសួងទេសចរណ៍ សមាគមទេសចរ ណ៍ខេត្តត្រាត និងមន្ទីរទេសចរណ៍ខេត្តកាន់ធើ ប្រទេសវៀតណាម។
-->
Caravan for sustainable Tourism development ជាខ្សែទស្សនាចរណ៍របស់ប្រទេសទាំងបីតាមរយៈរថយន្ត គឺកម្ពុជា វៀតណាម និងប្រទេសថៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី៧ មេសាខាងមុខនេះ។
លោក ធួន ស៊ីណាន បានបន្តថា កម្មវិធីនៃដំណើរកំសាន្តនេះធ្វើឡើងក្នុងគោលដៅចំនួន៣ រួមមាន ទី១ ផ្សព្វផ្សាយទេសចរណ៍បៃតង តាមរយៈការលើកកំពស់អនាម័យ និងបរិស្ថាន ទី២ ផ្សព្វផ្សាយការអភិវឌ្ឈន៍ទេសចរណ៍នៅតាមព្រំដែន ទី៣ កាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ ទី៤ ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងទី៥ លើកកំពស់ការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ទើបយើងរៀបចំកម្មវិធីនេះ។លោកបន្តថា “នៅកម្ពុជាអ្នកចូលរួមនឹងជួបជុំគ្នានៅភ្នំពេញ និងទៅទទួលទានអាហារថ្ងៃត្រង់ និងពេលរាត្រីនៅលើភ្នំបូកគោក្នុងខេត្តកំពត មុនចេញដំណើរទៅកាន់វៀតណាម ជាមួយក្រុមអ្នកទេសចរណ៍ថៃ ហើយធ្វើដំណើរទៅភ្នំដិន ក្នុងខេត្តតាកែវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម”។ លោកបន្តថា “ដំណើរទស្សនាចរណ៍នេះ មានតម្លៃ៣១០ដុល្លារអាមេរិកសំរាប់មនុស្សម្នាក់”។
លោកបានបន្តថា ខ្សែទស្សនកិច្ចនេះ នឹងសម្រាកនៅខេត្តកាន់ធើ ប្រទេសវៀតណាម និងដើរកំសាន្តនៅកាន់ខេត្តនេះ ហើយបន្ទាប់មកទៅទីក្រុងអាងយ៉ាង ខេត្តហាទៀង ត្រលប់មកកាន់ខេត្តកែប និងសំរាកនៅខេត្តកំពតជាថ្មី ហើយបន្ទាប់មកទើបទៅកាន់តំបន់ពានក្រសោប ខេត្តកោះកុង និងធ្វើយុទ្ឋនាការសំអាតទីក្រុង នៅខេត្តកោះកុង មុនឆ្ពោះទៅកាន់ខេត្តត្រាត ប្រទេសថៃ ដោយជិះកង់កំសាន្តនៅខ្លងយ៉ៃមុនទៅកាន់ទីរួមខេត្តត្រាត ប្រទេសថៃ៕



