ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ការរីកចម្រើននៃវិស័យពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ មិនថមថយល្បឿននោះទេ ជាក់ស្តែងខ័ណ្ឌទួលគោកបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយផ្លាស់ប្តូរពីតំបន់លំនៅដ្ឋាន ទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia កាលពីចុងឆ្នាំមុនបានរកឃើញថា ដោយសារកំនើននៃការវិនិយោគនៅតំបន់នេះ ពិសេសការកសាងខុនដូ អាផាតម៉ិន និងអាគារពាណិជ្ជកម្មនានាបានធ្វើឲ្យតម្លដីធ្លី នៅក្នុងខ័ណ្ឌទួលគោកកើនឡើងរហូតដល់៥៦ភាគរយ កាលពីឆ្នាំមុន ធៀបនឹងឆ្នាំ២០១៧កន្លងមក។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ទួលគោកបានផ្លាសប្តូរយ៉ាងលឿន ដោយសារការកើនឡើង នូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) នៅក្នុងមូលដ្ឋាននេះកើនឡើងច្រើន ពិសេសកំនើននៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងជនបរទេស ដែលបានប្រែក្លាយតំបន់នានាក្នុងខ័ណ្ឌទួលគោក ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរសរវើក។
អ្នកនាងបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យអ្នកវិនិយោគកាន់តែផ្តោតលើតំបន់នេះ ហើយនាពេលអនាគតតម្លៃលំនៅដ្ឋាន និងដីធ្លីនឹងមានកំនើនខ្ពស់ថែមទៀត”។ អ្នកនាងបានបន្តថា “បច្ចុប្បន្នគំរោងខុនដូ អាផាតម៉ិនជាច្រើនបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់នៅតំបន់នេះ ដែលវាជាតំបន់ទី២បន្ទាប់ពីខ័ណ្ឌចំការមន ខ័ណ្ឌ៧មករានិងខ័ណ្ឌដូនពេញ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការរីកចម្រើនខ័ណ្ឌទួលគោក មួយផ្នែកដោយសារឥទ្ឋិពលចេញពីខ័ណ្ឌចំការមន ដូនពេញ និងខ័ណ្ឌ ៧មករា ពិសេសតម្លៃនៅទីនោះមានភាពសមស្របងាយស្រួលវិនិយោគកាលពីកំឡុង៣ទៅ៥ឆ្នាំមុន ប៉ុន្តែតម្លៃដីក្នុងតំបន់ពាណិជ្ជកម្មរសរវើកនៅក្នុងខ័ណ្ឌនេះនាពេលបច្ចុប្បន្ន មានតម្លៃចន្លោះ៣៥០០ទៅ៤៥០០ដុល្លារ ដីនៅតំបន់លំនៅដ្ឋានមានចន្លោះ២០០០ ទៅ៣៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវតូចៗអាចមានតម្លៃទាបជាងនេះ។
លោកបន្តថា “ទោះជាយ៉ាងណាបើគិតពីតំលៃជួលអាផាតម៉ិន នៅតំបន់ទួលគោក ធៀបនឹងខ័ណ្ឌចំការមន តំបន់ទួលគោកមានតម្លៃទាបជាងប្រមាណ១៥ភាគរយ តែបើធៀបតែតំបន់បឹងកេងកង១ តម្លៃខុសគ្នារហូតដល់ប្រមាណ ៣០ភាគរយ”។
លោក ច្រឹក សុខនីម បានបន្តថា តំបន់ទួលគោកនឹងបន្តរីកចម្រើនថែមទៀត ដោយសារកំនើននៃការវិនិយោគរបស់ជនបរទេស កត្តាហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងភាពទាក់ទាញដែលមានស្រាប់នៅតំបន់នេះ ពិសេសតង់ស៊ីតេប្រជាជនមានកំនើនខ្ពស់នៅក្នុងខ័ណ្ឌមួយនេះ ដែលវាជាខ័ណ្ឌមានភាពរីកចម្រើនបន្ទាប់ពីខ័ណ្ឌបីទៀត គឺចំការមន ដូនពេញ និងខ័ណ្ឌ៧មករា៕