ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តូនៃកម្ពុជាបានថ្លែងថា គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាន នូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។
សម្តេចបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពេលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញ សាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
-->
សម្តេចធីបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅ ប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។
ក្នុងបរិការណ៍នេះ លើការពង្រឹងវិស័យអប់រំ ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងគោលដៅអភិវឌ្ឍន៍ និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងដោយមានពុទ្ធិជាមូលដ្ឋាន ។ ក្នុងន័យនេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលមានមូលធនមនុស្ស និងសមត្ថភាពខ្ពស់ ជាមួយនឹងចំណេះដឹងទូលំទូលាយ លើផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា សារគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់មួយ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។
ជាមួយការអបអរសាទរ ចំពោះការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ប្រកបដោយភាពជោគជ័យ ដែលមកទល់ពេលនេះ មានសាកលវិទ្យាល័យចំនួន១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍន៍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្រ្តីពាក់ព័ន្ធ និងការផលិតមាតិកា និងខ្លឹមសារមេរៀន ជាដើម សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ ។
ទន្ទឹមនេះ ឱកាសក្នុងការទទួលបាននូវ ការអប់រំប្រកបដោយគុណភាព ជាកត្តាជួយកាត់បន្ថយគម្លាតនៃខួរក្បាល និងសមត្ថភាពរបស់បុគ្គលគ្រប់រូប។ ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មិនត្រឹមតែជួយសម្រួលដល់និស្សិតអាចសិក្សាពីចម្ងាយ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិន្នាការសកល នៃការរៀបចំដំណើរការសិក្សា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល ដែលអាចផ្តល់ឱកាស ដល់និស្សិតប្រើប្រាស់នូវធនធានសិក្សាឌីជីថល ដ៏សម្បូរបែបយ៉ាងទូលំទូលាយ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លើសពីនេះ បណ្ដាញសាកលវិទ្យាល័យនេះ ក៏នឹងផ្តល់លទ្ធភាព ដល់សាកលវិទ្យាល័យជាសមាជិក អាចចែករំលែក និងប្រើប្រាស់ធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សារួមគ្នា ដើម្បីផ្តល់សេវាសិក្សាពេញមួយជីវិត ពង្រីកអត្រាចូលរៀននៅឧត្តមសិក្សា និងកាត់បន្ថយគម្លាតនៃគុណភាពរវាងនិស្សិតនៅរាជធានី ខេត្ត និងជនបទ ក្នុងរយៈពេលវែងផងដែរ៕
