រុស្ស៊ីប្រកាសសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងមូស្គូ និងទីក្រុងកំពង់ផែខ្នាតយក្ស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសរុស្ស៊ី បានអនុម័តគម្រោងសាងសង់ផ្លូវរថភ្លើង ដឹកអ្នកដំណើរល្បឿនលឿនដំបូងគេ តភ្ជាប់រវាងទីក្រុងធំជាងគេចំនួន២របស់ខ្លួន គឺទីក្រុងមូស្គូ និងទីក្រុងកំពង់ផែ St. Petersburg ដោយប្រើប្រាស់ថវិការដ្ឋ។

គម្រោងផ្លូវរថភ្លើងនេះ នឹងលាតសន្ធឹងប្រវែង៦៧៩គីឡូម៉ែត្រ ដោយគ្រោងអនុញ្ញាតឱ្យរថភ្លើង ដែលផលិតដោយរុស្ស៊ី អាចរត់បានក្នុងល្បឿន៣៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ពីទីក្រុងមូស្គូ និងទីក្រុង St. Petersburg មកនៅត្រឹម២ម៉ោង ឬយ៉ាងយូរ២ម៉ោងកន្លះ បើធៀបនឹងពេលវេលា ធ្វើដំណើរបច្ចុប្បន្នចន្លោះពី៤ ម៉ោងទៅ៥ម៉ោង។គម្រោងសាងសង់ផ្លូវរថភ្លើងនេះ នឹងត្រូវចំណាយទុនវិនិយោគអស់ជាង២៥,៩៧ពាន់លានដុល្លារ។ គម្រោងនេះនឹងត្រូវសាងសង់ឡើង ដោយក្រុមហ៊ុនរុស្ស៊ី VSM Two Capitals ក្រោមលក្ខខណ្ឌសម្បទាន ដោយប្រើប្រាស់ថវិការដ្ឋ និងទុនវិនិយោគឯកជន។

ដើម្បីស្ថាបនាគម្រោងខាងលើ រដ្ឋាភិបាលរុស្ស៊ីគ្រោងវិភាជន៍ប្រាក់កម្ចីយ៉ាងតិច៣,៣៥ពាន់លានដុល្លារ ពីមូលនិធិសុខុ​មាលភាពជាតិក្នុងអត្រា១% ក្នុងឆ្នាំ២០២៥ និងការឧបត្ថម្ភធនក្នុងទំហំទឹកប្រាក់ចំនួន ប្រហែល៣,៦៧ពាន់លានដុល្លារ នៅចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៨។

យ៉ាងណាមិញ លោក Vitaly Savelyev អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៊ី ធ្លាប់បានអះអាងថា គម្រោងនេះ ត្រូវការដើមទុនវិនិយោគ ចំនួនជាង៦,៤៨ពាន់លានដុល្លារ ពីមូលនិធិសុខុមាលភាពជាតិ ខណៈការផ្តល់មូលនិធិផ្សេងទៀតអាចមានប្រភពមកពីធនាគាររដ្ឋរុស្ស៊ី VTB ធនាគារ Sberbank និងធនាគារ Gazprombank។

ជាមួយគ្នានេះដែរ លោក Herman Gref នាយកប្រតិបត្តិនៃធនាគារ Sberbank របស់រុស្ស៊ី បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគាររបស់លោកនឹងចូលរួម ក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។

លើសពីនេះ រដ្ឋាភិបាលរុស្ស៊ី​បាន​ស្នើ​ដំឡើង​ពន្ធ ​ទៅលើបណ្តា​ក្រុមហ៊ុន​ធំៗ និង​ក្រុមអ្នក​មានទ្រព្យស្តុកស្តម្ភ ដែល​ការណ៍នេះ អាច​បង្កើត​ប្រាក់​ចំណូលបន្ថែម​ ចំនួន៣០ពាន់​លាន​ដុល្លារ​ដល់​​ថវិកា​ជាតិនៅឆ្នាំ​ក្រោយ៕ប្រភព: Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here