កម្ពុជា គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយកួរ៉េ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​គណៈប្រតិភូ​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចាំ​កម្ពុជា​បាន​ជួប​ពិភា​ក្សាគ្នា​អំពី​លទ្ធភាព ​នៃ​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ​។​

គម្រោង​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ ដោយ​សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​ត​ នាយករដ្ឋមន្រ្តីកម្ពុជា និង​លោក​ ​Y​OON SUK ​Y​E​O​L​ ​ប្រធានាធិបតី​កូរ៉េ​ ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ លើកដំបូង​របស់​លោក​ ទៅកាន់​ទីក្រុង​សេអ៊ូល​ ​ចាប់ពី​ថ្ងៃ​ទី​ ​១​៥​ ​ដល់​ ​១​៨​ ​ឧសភា​ ​ឆ្នាំកន្លងមកនេះ។​

កាលពី​ថ្ងៃ​ទី​២​០​ ​ខែ​មិថុនា​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនា​យករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​ទទួល​ជួប​លោក​ ​PARK​ JUN​G​-​WOOK​ ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ពិភាក្សា​ពិនិត្យ​លទ្ធភាព​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ​។​

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ ផ្តល់​ព័ត៌មាន​អំពី​អត្ថប្រ​យោជន៍​សក្តានុពល ​នៃ​គម្រោង​វិនិយោគ ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា​ ​រួម​ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​លើកទឹកចិត្ត​ ​និង​សម្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​តំបន់​។​

ក្នុង​កិច្ចពិភាក្សា​នោះ​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ជម្រាប​ជូន​អំពី​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា​ ក្នុង​ការ​សម្របសម្រួល​រាល់​កិច្ចការ​ងារ​វិនិយោគ ​របស់​វិនិ​យោគិន​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេ​ស​​។​

លោក​ក៏បាន​ស្នើសុំ​ឱ្យ​លោក​ឯកអគ្គរដ្ឋទូត​ ​សហ​ការស្វែងរក​វិនិ​យោគិន ​មាន​សក្ដានុពល​ពី​ប្រទេស​កូរ៉េ​ ដែល​មានបំណង​ដាក់​ទុន​វិនិយោគ​ លើ​ការរៀបចំ​បង្កើត​ តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ​ ​ដើម្បី​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​កម្ពុជា ​អញ្ជើញ​ទៅ​ប្រទេស​កូរ៉េ​ ដើម្បី​គោះទ្វារ​ផ្ដល់​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ ​និង​ការ​គាំទ្រ​ពេញទំហឹង​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ជូន​ដល់​វិនិ​យោគិន​កូរ៉េ​។​

លោក​ ​ហែម​ ​វ៉​ណ្ណ​ឌី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ​ជា​ ​វុទ្ធី​ ​អគ្គលេខាធិការ​គណៈកម្មការ​ ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​និង​លោក​ យុ​ន​ ​ហេង​ ​អគ្គលេខាធិការ​រង​គណៈកម្មការ​ ​វិនិយោគ​កម្ពុជា​ក៏មាន​វត្តមាន​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ផង​ដែរ​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់​ក្រុមប្រឹក្សាអភិ​វឌ្ឍន៍​កម្ពុជា ​ស្របតាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ ផ្លូវការ​នា​សាធារណរដ្ឋ​កូរ៉េ​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​ក្នុង​ជំនួប​ជាមួយ​ លោក​Y​oon Suk ​Y​e​o​l​ប្រធានាធិបតី​ ​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​ផ្តួចផ្តើម​ ឱ្យ​មានការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​កូរ៉េ​ ​ដើម្បី​បង្កើត​បរិយាកាស​អំណោយផល ​សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​កូរ៉េ ​ដែល​ធ្វើអាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​ឧសភា​ ​ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​ធ្វើជា​អធិ​បតី​ក្នុង​ពិធី​ចុះហត្ថលេខា ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​៤​ ​និង​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ ​ក្នុង​គោលបំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ​ក្នុង​ការ​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​ ​លំ​ហូរ​វិនិយោគ​ ​កម្មសិទ្ធិ​បញ្ញា​ ​ការ​គ្រប់គ្រង​គ្រឿងញៀន​ ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​សម្បទាន​ក​ម្ចី​សម្រាប់​អភិវឌ្ឍន៍​ជនបទ​។​

​ទន្ទឹម​នឹង​នេះ​ ​ក៏មាន​អនុស្សរណៈ​យោគ​យល់គ្នា​មួយ ​ត្រូវ​បាន​ចុះហត្ថលេខា ​រវាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​និង​ថាមពល​នៃ​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ពង្រឹង​លំ​ហូរ​វិនិយោគ​រវាងប្រទេស​ទាំងពីរ​។​

ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​ ​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ដដែល​នោះ​ ​សម្តេចធិបតី​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ប្រកាស​ថា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កូរ៉េ​ ​និង​កម្ពុជា​ ​មាន​រហូតដល់​​៧​៥​១​ ​លាន​ដុល្លារ​ ​ខណៈ​ការ​វិនិយោគ​ផ្ទាល់​ពី​កូរ៉េ​នៅ​កម្ពុជា​ ​មាន​ចំនួ​ន​៣​០​​លាន​ដុល្លារ​កាលពីឆ្នាំមុន​ ​ដែល​ធ្វើ​អោយ​ការ​វិនិយោគ​ផ្ទាល់​សរុប​ពី​ប្រទេស​មាន​៥​​ពាន់​លាន​ដុល្លារ​។​

គិត​ត្រឹម​ខែ​ឧសភា​ឆ្នាំនេះ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​ គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤​៤ ​ដែល​ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២​៦​ កំពុង​ដំណើរការ​នៅ​ទូទាំង​ប្រទេស ​ដោយមាន​រដ្ឋបាល​ចំនួន​២​០​​ក្នុង​បន្ទុក​ ​ដែល​ធ្វើ​អោយ​ថវិកា​អភិវឌ្ឍន៍​ តំបន់​សេដ្ឋកិច្ច​ពិសេស​ឈាន​ដល់ទំហំទឹកប្រាក់​៦​,​២​​ពាន់​លាន​ដុល្លារ​។​

ប្រភព​ដដែល​បាន​បន្ថែម​ថា​ ​មាន​គម្រោង​ចំនួន​៧​៣​៤​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មាន​ទុន​វិនិយោគ​ចំនួន​៨​,​៩​​ពាន់​លាន​ដុល្លារ​អាមេរិក​ ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ចំនួន​​១​៨​០​.​៧​៧​៩​ ​នាក់​ ​នៅ​ទូទាំង​ប្រាំ​តំបន់​ដូចជា​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​ស្វាយរៀង​ ​ព្រះ​សី​ហ​នុ ​កោះ​កុង​ ​និង​ខេត្ត​បន្ទាយ​មានជ័យ​ (​ក្រុង​ប៉ោយ​ប៉ែត​)​៕

LEAVE A REPLY

Please enter your comment!
Please enter your name here