អ្នកជំនាញថៃព្រមានថា វិបត្តិអចលនទ្រព្យបច្ចុប្បន្នពិបាកដោះស្រាយជាងវិបត្តិឆ្នាំ១៩៩៧

ចែករំលែក

ដោយ: គង់ លាងហួរ

បាងកក: លោក Prasert Taedullayasit ប្រធានសមាគមខុនដូថៃ បានអះអាងថា វិស័យអចលនទ្រព្យថៃ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលនាំឱ្យអ្នកអភិវឌ្ឍន៍ពិបាកសម្រេចគោលដៅលក់នៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្រូវការ និងអំណាចនៃការទិញ។

លោកបានប្រដូចស្ថានភាពនេះ ទៅនឹងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ីក្នុងឆ្នាំ១៩៩៧ ដែលវិបត្តិនេះបានជះផលប៉ះពាល់ទៅលើតម្លៃអចលនទ្រព្យ ដោយសារបណ្តាស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម បានសម្រុកលក់អចលនទ្រព្យ ក្នុងតម្លៃថោកជាងតម្លៃដែលបានប្រកាសលើកដំបូង។

លោក​បាន​បន្ត​ថា​ “ការ​ដាំក្បាលចុះនៃ​ប្រាក់​បាត គឺជាហេតុផល ​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​នៃតម្លៃ​អចលន​ទ្រព្យ​ ក្នុង​អំឡុង​វិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ី ដែល​បង្ក​ឱ្យបន្ទុក​បំណុល​ក្នុង​ចំណោម​សហគ្រិន​អាជីវកម្ម និង​ធនាគារមានការកើនឡើង”។

លោកបានបន្ថែមថា “ស្ថាប័នហិរញ្ញវត្ថុចំនួន៥៦ បានបិទទ្វារ ដែលការណ៍នេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ លើការវិនិ យោគក្នុងគម្រោងផ្សេងៗ ហើយបណ្តាសហគ្រិន ដែលខ្ចីប្រាក់កម្ចីក្នុងទម្រង់ជារូបិយប័ណ្ណបរទេស បានរងផលប៉ះពាល់ខ្លាំងជាងគេបំផុត”។

ទោះជាយ៉ាងណាក្តី លោក Prasert បានចាត់ទុកថា វិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ មានភាពខុសប្លែកគ្នា ដោយសារប្រជាជនបានរងគ្រោះ ព្រោះបំណុលក្រៅផ្លូវការ និងការកើនឡើងនៃថ្លៃចំណាយលើការរស់នៅ ដែលបណ្តាលឱ្យតម្រូវការអចលនទ្រព្យធ្លាក់ចុះ។

លោកបានកត់សម្គាល់ទៀតថា “ការដំឡើងអត្រាការប្រាក់ ក៏បានធ្វើឱ្យថ្លៃចំណាយ លើកម្ចីសម្រាប់ការបង់រំលស់ទិញផ្ទះ មានកម្រិតខ្ពស់ជាងមុន”។

ចំណែក អត្រាដែលធនាគារបដិសេធ មិនផ្តល់ប្រាក់កម្ចីទិញផ្ទះទៅឱ្យអតិថិជន នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងរង្វង់៧០% ដោយសារតែការកើនឡើង នៃតម្លៃសំណង់ ដូចជាដីធ្លី សម្ភារៈ និងប្រាក់ឈ្នួលរបស់កម្មករ។

លោក​បាន​បន្ថែមថា​ “វិបត្តិ​នាពេលនេះ ​ពិបាក​ដោះស្រាយ​ជាង​វិបត្តិកាលពីឆ្នាំ១៩៩៧ទៅទៀត ព្រោះ​វិបត្តិនេះកំពុង​ជះផលប៉ះពាល់​ដល់​សេដ្ឋកិច្ច ​នៅទូទាំង​ពិភពលោក មិន​មែន​តែ​ប្រទេស​ថៃ​នោះទេ​”៕ប្រភព: The Nation៕


ចែករំលែក