អ្នកជំនាញថៃព្រមានថា វិបត្តិអចលនទ្រព្យបច្ចុប្បន្នពិបាកដោះស្រាយជាងវិបត្តិឆ្នាំ១៩៩៧

0

ដោយ: គង់ លាងហួរ

បាងកក: លោក Prasert Taedullayasit ប្រធានសមាគមខុនដូថៃ បានអះអាងថា វិស័យអចលនទ្រព្យថៃ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលនាំឱ្យអ្នកអភិវឌ្ឍន៍ពិបាកសម្រេចគោលដៅលក់នៅឆ្នាំនេះ ដោយសារការធ្លាក់ចុះនៃតម្រូវការ និងអំណាចនៃការទិញ។

លោកបានប្រដូចស្ថានភាពនេះ ទៅនឹងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ីក្នុងឆ្នាំ១៩៩៧ ដែលវិបត្តិនេះបានជះផលប៉ះពាល់ទៅលើតម្លៃអចលនទ្រព្យ ដោយសារបណ្តាស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម បានសម្រុកលក់អចលនទ្រព្យ ក្នុងតម្លៃថោកជាងតម្លៃដែលបានប្រកាសលើកដំបូង។

លោកបានបន្តថា​ “ការដាំក្បាលចុះនៃប្រាក់បាត គឺជាហេតុផលនៅពីក្រោយការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាស៊ី ដែលបង្កឱ្យបន្ទុកបំណុលក្នុងចំណោមសហគ្រិនអាជីវកម្ម និងធនាគារមានការកើនឡើង

លោកបានបន្ថែមថាស្ថាប័នហិរញ្ញវត្ថុចំនួន៥៦ បានបិទទ្វារ ដែលការណ៍នេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ លើការវិនិ យោគក្នុងគម្រោងផ្សេងៗ ហើយបណ្តាសហគ្រិន ដែលខ្ចីប្រាក់កម្ចីក្នុងទម្រង់ជារូបិយប័ណ្ណបរទេស បានរងផលប៉ះពាល់ខ្លាំងជាងគេបំផុត

ទោះជាយ៉ាងណាក្តី លោក Prasert បានចាត់ទុកថា វិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ មានភាពខុសប្លែកគ្នា ដោយសារប្រជាជនបានរងគ្រោះ ព្រោះបំណុលក្រៅផ្លូវការ និងការកើនឡើងនៃថ្លៃចំណាយលើការរស់នៅ ដែលបណ្តាលឱ្យតម្រូវការអចលនទ្រព្យធ្លាក់ចុះ។

លោកបានកត់សម្គាល់ទៀតថាការដំឡើងអត្រាការប្រាក់ ក៏បានធ្វើឱ្យថ្លៃចំណាយ លើកម្ចីសម្រាប់ការបង់រំលស់ទិញផ្ទះ មានកម្រិតខ្ពស់ជាងមុន

ចំណែក អត្រាដែលធនាគារបដិសេធ មិនផ្តល់ប្រាក់កម្ចីទិញផ្ទះទៅឱ្យអតិថិជន នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងរង្វង់៧០% ដោយសារតែការកើនឡើង នៃតម្លៃសំណង់ ដូចជាដីធ្លី សម្ភារៈ និងប្រាក់ឈ្នួលរបស់កម្មករ។

លោកបានបន្ថែមថា​ “វិបត្តិនាពេលនេះពិបាកដោះស្រាយជាងវិបត្តិកាលពីឆ្នាំ១៩៩៧ទៅទៀត ព្រោះវិបត្តិនេះកំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក មិនមែនតែប្រទេសថៃនោះទេ​”៕ប្រភព: The Nation

LEAVE A REPLY

Please enter your comment!
Please enter your name here