ប្រជាពលរដ្ឋកម្ពុជា២៦,៥ភាគរយរស់នៅតាមទីក្រុងនានានៅទូទាំងប្រទេស ជម្រុញឲ្យការអភិវឌ្ឍឆ្ពោះទៅកាន់តំបន់រណប

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ នគរូបនីយកម្ម និងតម្រូវការកើនឡើងបាននិងកំពុងធ្វើឲ្យតម្រូវការលំនៅដ្ឋាន និងអចលនទ្រព្យដទៃទៀត បានងាកចេញពីកណ្តាលរាជធានី ឆ្ពោះទៅតំបន់ជាយក្រុងនានា។

ការសិក្សាមួយបានបង្ហាញថា ប្រជាជនទីក្រុងរបស់ប្រទេសកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយនៅឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រហែល25.6ភាគរយ នៃប្រជាជនកម្ពុជាសរុបរស់នៅក្នុងទី ក្រុង ប៉ុន្តែចំនួននេះនឹងកើនឡើងដល់ប្រហែល26.5ភាគរយ នៅឆ្នាំ 2025នេះ។

នៅរាជធានីភ្នំពេញ មនុស្សកាន់តែច្រើនកំពុងផ្លាស់ប្តូរពីតំបន់ជនបទ ទៅទីក្រុងសម្រាប់ការងារក្នុងវិស័យសេវាកម្ម ផលិតកម្ម និងទេសចរណ៍។ នេះបង្កើនតម្រូវការសម្រាប់លំនៅដ្ឋាន អចលនទ្រព្យជួល និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

ដោយមានអ្នករស់នៅកាន់តែច្រើន សេវាកម្មទីក្រុង និងការវិនិ​យោគហេដ្ឋារចនាសម្ព័ន្ធកាន់តែមានតម្លៃ ជំរុញតម្លៃអចលនទ្រព្យនៅក្បែរនោះមានភាពប្រសើរឡើង។

ហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អការចូលប្រើប្រាស់

រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋតម្លៃរាប់ពាន់លានដុល្លារ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ដែលធ្វើឲ្យមានតំណភ្ជាប់ដឹកជញ្ជូនថ្មី ផ្លូវថ្នល់ ស្ពាន និងផែនការមេ (ឧទាហរណ៍ ផែនការឆ្នាំ2035 របស់ទីក្រុង) ធ្វើឱ្យស្រុក “ឆ្ងាយ” កាន់តែខិតមកកៀកនឹងរាជធានី ដែលជម្រុញដល់សកម្មភាពវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យកាន់តែច្រើន។

ឧទាហរណ៍ ការអភិវឌ្ឍនៅក្នុងស្រុកភាគខាងត្បូង/ ក្រៅទីក្រុងភ្នំពេញ កំពុងទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់កាន់តែប្រសើរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលជាអ្នកដឹកនាំសារព័ត៌មាននាំមុខផ្នែកព័ត៌មានអចលនទ្រព្យបានលើកឡើងថា សកម្មភាពអភិវឌ្ឍន៍កាន់តែច្រើន កំណើនប្រជាសាស្រ្ត នឹងជម្រុញឲ្យមានការប្រើប្រាស់កាន់តែប្រសើរឡើង ដែលធ្វើឲ្យទំនោរជំរុញតម្លៃដីធ្លីឱ្យកើនឡើង និងធ្វើឱ្យការអភិវឌ្ឍលំនៅដ្ឋានថ្មីអាចសម្រេចបាន។

ជាមួយគ្នានេះ លោកយិន លាងគង់បានបង្ហាញថា តាមការព្យាករណ៍ និងសិក្សាពីក្រសួងរៀបចំដែនដី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបង្ហាញថា មានការផ្លាស់ប្តូរជាវិជ្ជមានពីលំនៅដ្ឋានមានលក្ខណៈប្រណីត និងតម្លៃខ្ពស់ទៅជាលំនៅឋានកម្រិតមធ្យម និងលំនៅឋានដែលមានតម្លៃសមរម្យ ដោយកំណត់គោលដៅអ្នកទិញក្នុងស្រុកក្នុងស្រុក ជាជាងវិនិយោគិនបរទេស។

លោកបន្តថា លើសពីនេះផលចំណេញពីការវិនិយោគ ឬការជួល នៅក្នុងតំបន់ ដែលមានទីតាំងនៅកណ្តាលទីក្រុង ត្រូវបានគេរំពឹងថានឹងប្រសើរឡើង ដោយសារតម្រូវការសម្រាប់ការរស់នៅទីក្រុងល្អ។

លើសពីនេះ គោលនយោបាយប្រើប្រាស់ដីធ្លីថ្មី និងការធ្វើផែ​នការជាប្រព័ន្ធកាន់តែច្រើនមានន័យថា តំបន់ដែលងាយស្រួលសម្រាប់ការអភិវឌ្ឍ។

លោកយិន លាងគង់បានបន្តថា ជាមួយគ្នានេះ ទីផ្សារដែល កំពុ​ងរីកចម្រើន និងកំណើនតម្លៃ ស្ថិតនៅកណ្តាលរាជធានី មានការផ្គត់ផ្គង់ដល់ដំណាក់កាល ដែលឆ្អែតនៅក្នុងទីផ្សារ(ការផ្គត់ផ្គង់លើសតម្រូវការ) ដូចជាតំបន់ជ្រោយចង្វារ តំបន់ទួលគោក និងតំបន់មួយចំនួនទៀត។

លោកបន្តថា “ដីធ្លី និងលំនៅឋាននៅក្នុងតំបន់ទាំងនេះ អាចផ្តល់តម្លៃកាន់តែប្រសើរ និងការកើនឡើងប្រសិនបើ ហេដ្ឋារចនាសម្ព័ន្ធសមស្រប”៕

LEAVE A REPLY

Please enter your comment!
Please enter your name here