ក្រុមហ៊ុន Hotel Properties បើករមណីយដ្ឋានថ្មីមួយនៅក្នុងប្រទេសម៉ាឡេស៊ី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្ស Hotel Properties Limited របស់មហាសេដ្ឋីសិង្ហបុរី លោក Ong Beng Seng បានបើករមណីយដ្ឋានប្រណីតមួយ នៅលើកោះ Tioman របស់ប្រទេសម៉ាឡេស៊ី។

រមណីយដ្ឋានថ្មីនេះ ត្រូវបានប្រសិទ្ធិនាមហៅថា “Boathouse Pulau Tioman”ដែលមានផ្ទះលំហែចំនួន៣១យូនីត និងមានទីតាំងនៅឆ្នេរភាគនិរតី នៃកោះ Tioman នៅទីក្រុង Kampung Nipah ហើយអ្នកដំណើរត្រូវចំណាយពេលជិះទូកប្រហែល១០នាទី ពីភូមិ Kampung Genting

-->

តម្លៃបន្ទប់ស្នាក់នៅមានតម្លៃ ចាប់ពី១.២០០រីងហ្គីត (ប្រហែល២៥៥ដុល្លារ) ក្នុងមួយយប់ ហើយរមណីយដ្ឋាននេះកំណត់គោលដៅភ្ញៀវទេសចរណ៍ មកពីប្រទេសសិង្ហបុរី  តំបន់អឺរ៉ុប តំបន់អាស៊ីខាងជើង និងប្រទេសឥណ្ឌា។នេះបើយោងតាមសារពត៌មាន The Strait Times

គិតមកទល់ពេលនេះ រមណីយដ្ឋានខាងលើ ជារមណីយដ្ឋានប្រណីតទី៣ នៅលើកោះ​Tioman ខណៈរមណីយដ្ឋានចំនួន២ផ្សេងទៀត រួមមាន រមណីយដ្ឋាន Berjaya Tioman លំដាប់ផ្កាយ៤ របស់មហាសេដ្ឋីម៉ាឡេស៊ី លោក Vincent Tan និងរមណីយដ្ឋាន Japamala Tioman

បច្ចុប្បន្ន កោះ Tioman មានចំនួនមនុស្សរស់នៅតិច និងត្រូវបានហ៊ុំព័ទ្ធដោយថ្មប៉ប្រះទឹកនិងផ្កាថ្មជាច្រើនប្រភេទ ដែលធ្វើឱ្យកោះមួយនេះ ក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់វិស័យទេសចរណ៍បាតសមុទ្រ ការជ្រមុជទឹក និងការជិះក្តារលើទឹករលក។

លោកមហាសេដ្ឋី Ong Beng Seng គឺជាពាណិជ្ជករជនជាតិម៉ាឡេស៊ី ដែលបានផ្លាស់ទីលំនៅ ទៅកាន់ប្រទេសសិង្ហបុរី។ លោកគឺជាម្ចាស់ម៉ាកយីហោសណ្ឋាគារ ម៉ូដ និងរបៀបរស់នៅល្បីៗជាច្រើនរាប់មិនអស់។

យោងតាមបញ្ជីរបស់ទស្សនាវដ្តី Forbes បង្ហាញថា លោក Ong Beng Seng បានជាប់ចំណាត់ថ្នាក់ទី២៦ ក្នុងបញ្ជីមហាសេដ្ឋីមានជាងគេបំផុតទាំង៥០រូប នៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំមុន ខណៈលោកមានទ្រព្យសម្បត្តិ សុទ្ធចំនួន១,៧ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpress