ដោយ: គង់ លាងហួរ
អន្តរជាតិ: កោះបាលីរបស់ប្រទេសឥណ្ឌូនេសុី និងប្រទេសថៃជាគោលដៅទេសចរណ៍កំពូលចំនួន២ ដែលភ្ញៀវទេសចរណ៍នឹកឃើញមុនគេ នៅពេលពួកគេមានបំណង ឬកំពុងរៀបចំផែនការហោះហើរមកកាន់តំបន់អាស៊ាន។
ជាមួយគ្នានេះ កម្ពុជាជាប្រទេសសមាជិកមួយក្នុងតំបន់អាស៊ាន និងជាត្បូងមួយគ្រាប់នៅក្នុងចំណោមគោលដៅផ្សេងទៀតរបស់តំបន់អាស៊ាន។នេះបើយោងតាមការលើកឡើងរបស់សារពត៌មានទេសចរណ៍អនឡាញឈានមុខគេរបស់ពិភពលោក Travel off Path។
សារពត៌មាន Travel off Path បានចាត់ទុកកម្ពុជាជាតារាកំពុងរះថ្មីរបស់អាស៊ាន ខណៈពលរដ្ឋមកពីប្រទេសលោកខាងលិចកំពុងចាប់អារម្មណ៍មកលើប្រទេសកម្ពុជា ក្នុងឋានៈជាគោលដៅទេសចរណ៍ដាច់ដោយឡែក ខណៈពីមុន ភ្ញៀវទេសចរណ៍លោកខាងលិចតែងធ្វើដំណើរតម្រង់មកកាន់ថៃ និងវៀតណាមសិន ទើបពួកគេឈានចូលមកកម្ពុជា។
-->

កាលពីឆ្នាំមុន កម្ពុជាទទួលបានភ្ញៀវទេសចរណ៍បរទេសសរុបចំនួន៥,៤លាននាក់ កើនឡើង១៣៩,៥ភាគរយបើធៀបនឹងឆ្នាំ២០២២ ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៤ ខណៈនៅចន្លោះខែមករាដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរអន្តរជាតិចំនួន២លាននាក់។
កម្ពុជាសម្បូរដោយវប្បធម៌ និងអរិយធម៌ខ្មែរនៅសតវត្សរ៍ទី៩។ជាក់ស្ដែង រាជធានីភ្នំពេញជាទីតាំងប្រមូលផ្តុំនូវសំណង់បុរាណ និងសំណង់ដែលនៅសេសសល់តាំងពីសម័យអាណានិគមរួមមានផ្សារធំថ្មី សណ្ឋាគារ Le Royal ដែលបានរំលេចនូវភាពអស្ចារ្យបំផុតរបស់អឺរ៉ុប និងព្រះបរមរាជវាំងដ៏មហិមារបស់ព្រះរាជវង្សានុវង្សខ្មែរ។
លើសពីនេះ ផ្លូវទឹកនៅតំបន់ដីសណ្តទន្លេមេគង្គ ដែលហូរឆ្លងកាត់ប្រទេសវៀតណាម និងកម្ពុជា និងជាផ្លូវដ៏វែងបំផុតមួយនៅក្នុងពិភពលោកអាចហូរឆ្ពោះទៅដល់សមុទ្រចិនខាងត្បូង។
ជាងនេះទៅទៀត កម្ពុជានៅមានដំណើរទេសចរណ៍តាមរយៈការជិះទូកតាមដងទន្លេមេគង្គ រួមទាំងការជិះទូកកម្សាន្តតាមដងទន្លេនៅពេលថ្ងៃលិច ដោយកក់សំបុត្រតាមវេបសាយអនឡាញ GetYourGuide ក្នុងតម្លៃត្រឹមតែ៩ដុល្លារប៉ុណ្ណោះ។ 
ដោយមានទីតាំងនៅជិតព្រំដែនវៀតណាម ទេសភាពទឹកជ្រោះប៊ូស្រានៅខេត្តមណ្ឌលគិរី គឺជាទេសភាពមួយក្នុងចំណោមទេសភាពស្រស់ស្អាតឯទៀតរបស់ប្រទេសកម្ពុជា ដែលមានដំណាក់ទឹកធ្លាក់ចំនួន៣ថ្នាក់ ដែលមានកម្ពស់ចាប់ពី១៥ម៉ែត្រ ទៅ២០ ម៉ែត្រ ហើយភ្ញៀវដែលមកកំសាន្តអាចជិះខ្សែកាបពីលើទឹកជ្រោះក្នុងតម្លៃប្រហែល៤៥ដុល្លារ។
បន្ថែមពីលើនោះ ភ្ញៀវទេសចរណ៍អាចទៅកំសាន្តនៅរមណីយដ្ឋានភ្នំបូកគោនៅក្នុងខេត្តកំពតរបស់កម្ពុជា ដែលមានសំណង់អគារបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងនៅលើកំពូលភ្នំ និងមានព្រៃឈើដ៏ខៀវស្រងាត់។

ដោយឡែក ភ្ញៀវទេសចរណ៍មិនគួរភ្លេចទៅទស្សនាទេសភាពដ៏ស្រស់ស្អាតនៅក្រុងបាត់ដំបង ដោយចំណាយពេលធ្វើដំណើរ៦ម៉ោងពីទីក្រុងភ្នំពេញទៅកាន់ទីនោះ ដើម្បីមើលទស្សនីយភាពធម្មជាតិ ដែលលោកអ្នកស្ទើរតែមិនអាចមើលរំលងបាន ជាពិសេសទិដ្នភាពនៅពេលថ្ងៃលិច សត្វប្រចៀវរាប់ពាន់ក្បាលបានហើរចេញពីរូងភ្នំសំពៅ។
ចំណែក រមណីយដ្ឋានទេសចរណ៍ផ្សេងទៀតដែលសារពត៌មាន Travel off Path បានលើកឡើងក្នុងអត្ថបទរបស់ខ្លួន រួមមាន រមណីយដ្ឋានកោះរ៉ុង រមណីយដ្ឋានបុរាណអង្គរ និងសណ្ឋាគារ M9 Kirirom Hotel ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ៕ប្រភព: Travel off Path ៕