CATA​ ជំរុញ​ឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ឥណ្ឌា​មកកាន់​កម្ពុជា​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) បាន​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ឥណ្ឌា​មកកាន់​កម្ពុជា​ ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​នេះ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២១​ មិនា​នេះ​ថា​ ឥណ្ឌា​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ ជា​ជា​ភ្ញៀវ​ដែល​ចំណាយ​ប្រាក់​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ប៉ុន្តែ​កម្ពុជា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឥណ្ឌា​បាន​ក្នុង​កម្រិតទាប​នៅឡើយ​ ដោយសារ​កម្ពុជា​ និង​ឥណ្ឌា​មិនទាន់​មានការ​ភ្ជាប់​ជើងហោះហើរ​ច្រើន​ ហេតុនេះ​ទើប​សមាគម​ចង់​ឱ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។

លោកស្រី​បន្ត​ថា​ “ទោះជាយ៉ាងណា​សេវា​បដិសណ្ឋារ​កិច្ច​ សម្រាប់​ភ្ញៀវ​ឥណ្ឌា​នៅ​មានកម្រិត​នៅ​កម្ពុជា​ ដោយ​យើង​មិនទាន់​មាន​ភោជនីយដ្ឋាន​ឥណ្ឌា​ ច្រើន​នៅឡើយ​ទេ​ ហេតុនេះ​នៅពេល​មាន​ភ្ញៀវ​ក្រុម​ធំៗ​មកដល់​ យើង​ជួប​ការ​លំបាក​” ។

លោកស្រី​បន្ត​ថា ​“កាលពី​ថ្ងៃម្សិល​ម៉ិញ​ CATA​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​ធំ​មួយ​ គឺ​ SRAM​ & MRAM​ ដើម្បី​បង្កើន​កិច្ចសហការ​ ក្នុង​ការ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​”។

លោកស្រី​ ឆាយ​ ស៊ីវ​លី​ន បា​នប​ន្ត​ថា​ ការ​ចុះហត្ថលេខា​នេះ​ យើង​ក៏​ចង់​ជំរុញ​ឱ្យ​ឥណ្ឌា​ជួយ​ផ្សព្វផ្សាយ​ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ សក្តា​នុ​ពល​ទេសចរណ៍​របស់​ CATA​ ដោយ​ឱ្យ​ពួកគេ​ជួយ​សម្រួល​តម្លៃ​នៃ​ការ​ស្នាក់នៅ​ និង​សេវាកម្ម​នានា​ផង​ដែរ​។

កាលពី​ឆ្នាំមុន​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ ក៏បាន​ស្នើ​និង​ជំរុញ​ឱ្យ​មានការ​តភ្ជាប់​ជើងហោះហើរ​រវាង​ឥណ្ឌា​មកកាន់​កម្ពុជា​ផង​ដែរ​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​មិនទាន់​មានដំណឹង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​ណាមួយ​ មក​សិក្សា​លទ្ឋ​ភាព​ហោះហើរ​ត្រង់​មក​កម្ពុជា​នៅឡើយ​ទេ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here