ហ្វីលីពីនបោះទុនរាប់លានដុល្លារដើម្បីធ្វើទំនើបកម្មអាកាសយានដ្ឋានទូទាំងប្រទេស

0

ដោយ: គង់ លាងហួរ

ម៉ានីល: គិតមកទល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនក្រោមរដ្ឋបាលលោក ប្រធានាធិបតី Ferdinand Marcos jr បានបោះទុនវិនិយោគ លើគម្រោងព្រលានយន្តហោះនានា សរុបជាទឹកប្រាក់ចំនួន៦,៦ពាន់លានប៉េសូ (ប្រហែល១១៥,២៧លានដុល្លារ) ដើម្បីជំរុញវិស័យទេសចរណ៍។

ក្រសួងដឹកជញ្ជូនហ្វីលីពីន បានបញ្ជាក់នៅក្នុងរបាយការ​ណ៍ថា គិតមកដល់បច្ចុប្បន្ន ខ្លួនបានបញ្ចប់គម្រោងចំនួន៤៨ ក្នុងការធ្វើឱ្យប្រសើរឡើង នូវអាកាសយានដ្ឋាន ក្នុងតំបន់មូលដ្ឋាន ដោយអនុលោមតាមការណែនាំរបស់លោក Marcos ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍។

គម្រោងអាកាសយានដ្ឋានដ៏ធំបំផុតទាំងនេះ រួមមានការសាងសង់ចំណតថ្មី នៅអាកាសយានដ្ឋាន Vigan ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិចនៃកោះ Luzon និងការបង្កើតផ្លូវតាក់ស៊ីមួយទៀត នៅអាកាសយានដ្ឋានអន្តរជាតិ Davao នៅលើកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។

រដ្ឋាភិបាលក៏បានធ្វើការស្តារឡើងវិញ នូវអគារចំណតអ្នកដំណើររបស់អាកាសយានដ្ឋាននានា នៅក្នុងទីក្រុង Butuan និងទីក្រុង General Santos។

លើសពីនេះ ក្រសួងដឹកជញ្ជូនហ្វីលីពីន បានពង្រឹងច្រកទ្វារ ទៅកាន់អាកាសយានដ្ឋានជាច្រើនផ្សេងទៀត ដូចជាអាកាសយានដ្ឋាន Bacolod អាកាសយានដ្ឋាន Basco អាកាសយានដ្ឋាន Busuanga អាកាសយានដ្ឋាន Cauayan អាកាសយានដ្ឋាន Cuyo អាកាសយានដ្ឋានLaoag និងអាកាសយានដ្ឋាន Palanan ។

សម្រាប់ឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលគ្រោងបោះទុនបន្ថែមចំនួន១២ពាន់លានប៉េសូ ដើម្បីទ្រទ្រង់កម្មវិធីហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ខ្លួន និងបន្តផ្តល់អាទិភាពដល់ការស្តារឡើងវិញ និងការធ្វើឱ្យប្រសើរឡើង នូវអាកាសយានដ្ឋានក្នុងតំបន់មូលដ្ឋាន។

ការកែលម្អច្រកផ្លូវចូល ទៅកាន់ព្រលានយន្តហោះនៅតាមតំបន់មូលដ្ឋាន ត្រូវបានគេមើលឃើញជាមធ្យោបាយមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ព្រោះការណ៍នេះ លើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍នានា តភ្ជាប់ជើងហោះហើរពីតំបន់ទេសចរណ៍របស់ហ្វីលីពីន ទៅកាន់គោលដៅអន្តរជាតិ។

​ជាក់ស្ដែង ក្រុមហ៊ុនអាកាសចរណ៍ Cebu Pacific បានប្រកា​សថា ខ្លួនគ្រោងបើកជើងហោះហើរចេញ ពីទីក្រុង Davao លើកោះMindanao ទៅកាន់ទីក្រុងម៉ានីល និងហោះហើរទៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខ៕ប្រភព: Philstar៕

LEAVE A REPLY

Please enter your comment!
Please enter your name here