អាជ្ញាធរមូលដ្ឋាន​នៅ​កណ្តាល​ទីក្រុងតូក្យូ​គ្រោង​ហាមឃាត់​មិន​ឱ្យ​លក់ចេញ​នូវ​ខុនដូ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ក្រោយ​ការ​ទិញ​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អាជ្ញាធរនៃខណ្ឌមួយនៅកណ្តាលទីក្រុងតូក្យូ នៃប្រទេសជប៉ុនបានអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ ឱ្យហាមឃាត់អ្នកទិញមិនឱ្យលក់ចេញនូវខុនដូរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំក្រោយការទិញ (resale) ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងគំហុកនៃតម្លៃអចលនទ្រព្យ។

ខណ្ឌ Chiyoda បានដាក់សំណើទៅកាន់អ្នកអភិវឌ្ឍន៍ដែលកំពុងអនុវត្តគម្រោងនានានៅក្នុងខណ្ឌនេះ ក្រោមកម្មវិធីមួយដែលផ្តល់នូវការលើកទឹកចិត្តផ្សេងៗ ដូចជាការបន្ធូរបន្ថយដែនកំណត់លើសមាមាត្រផ្ទៃក្រឡាជាន់អគារជាដើម។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក៏បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ហាមឃាត់អ្នកទិញមិនឱ្យទិញយូនីតខុនដូជាច្រើននៅក្នុងអគារតែមួយ ដោយប្រើឈ្មោះតែមួយនោះទេ។

យោងតាមអាជ្ញាធរ ការទិញដើម្បីលក់យកចំណេញភ្លាមៗ (scalping) បានធ្វើឱ្យតម្លៃខុនដូថ្មីៗកើនឡើង ដែលជាហេតុនាំឱ្យតម្លៃលំនៅឋានដែលមានម្ចាស់រួចហើយ (ទីផ្សារផ្ទះប្រភេទទី២) និងថ្លៃជួលអាផាតមិនកើនឡើងតាមនោះដែរ។

អាជ្ញាធរក៏បានលើកឡើងដែរថា សកម្មភាពទិញលក់យកចំណេញបែបនេះ អាចបង្កើនចំនួនខុនដូដែលគ្មានអ្នកស្នាក់នៅ ដែលអាចបង្កជាបញ្ហាដល់បរិយាកាសនៃការរស់នៅ។អាជ្ញាធរខណ្ឌ Chiyoda ធ្លាប់បានធ្វើសំណើស្រដៀងគ្នានេះទៅកាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យកាលពីខែកក្កដា ឆ្នាំមុន៕


ចែករំលែក