ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Blackstone គ្រោងនឹងលក់ផ្នែកការិយាល័យនៃគម្រោង Tokyo Garden Terrace Kioicho ក្នុងតម្លៃប្រហែល ៣០០ ពាន់លានយ៉េន (ប្រមាណ១,៩ ពាន់លានដុល្លារអាមេរិក)។
យោងតាមប្រភពព័ត៌មានមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ ដោយសារបញ្ហានេះមិនទាន់ត្រូវបានប្រកាសជាសាធារណៈ បានឱ្យដឹងថា ក្រុមហ៊ុន Blackstone ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក កំពុងចរចាជាមួយមូលនិធិមួយដែលបង្កើតឡើងដោយក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអចលនទ្រព្យ ក្រោមចំណុះក្រុមហ៊ុន Daiwa Securities Group។
ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន Blackstone ក៏កំពុងពិចារណាលើការបំប្លែងសិទ្ធិទទួលបានផលប្រយោជន៍មួយចំនួននៅក្នុងអចលនទ្រព្យនោះ ទៅជាមូលបត្រឌីជីថល (digital securities) ដើម្បីអនុញ្ញាតឱ្យមានការលក់ចំណែកតូចៗទៅឱ្យវិនិយោគិនបុគ្គលផងដែរ។
កិច្ចព្រមព្រៀងនេះនឹងទាញយកប្រយោជន៍ពីភាពរឹងមាំនៃតម្រូវការការិយាល័យលំដាប់ខ្ពស់នៅក្នុងទីក្រុងតូក្យូដោយសារទីផ្សារការិយាល័យនៅទីក្រុងតូក្យូនៅតែរក្សាភាពរឹងមាំ ទោះបីជាការកើនឡើងនៃអត្រាការប្រាក់បានធ្វើឱ្យថ្លៃដើមហិរញ្ញវត្ថុសម្រាប់អ្នកវិនិយោគអចលនទ្រព្យកើនឡើង។

យោងតាមទិន្នន័យពីក្រុមហ៊ុន Sanko Estate តម្លៃជួលការិយាល័យនៅក្នុងខណ្ឌទាំង ៥ នៅកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ ២០០០ មក។
អគារ Tokyo Garden Terrace Kioicho មានកម្ពស់ ៣៦ ជាន់ ស្ថិតនៅចំកណ្តាលទីក្រុងតូក្យូនៃប្រទេសជប៉ុន ដោយរួមមានការិយាល័យ សណ្ឋាគារ លំនៅឋាន និងទីតាំងសម្រាប់អាជីវកម្មលក់ដូរ។ អគារនេះត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០១៦។
ផ្នែកលំនៅឋាន ដែលដើមឡើយជាអចលនទ្រព្យសម្រាប់ជួលនៅពេលដែលក្រុមហ៊ុនបានទិញយកនោះ ត្រូវបានផ្លាស់ប្តូរទៅជាខុនដូ (condominiums) ដោយក្នុងចំណោមយូនីតស្នាក់នៅសរុបចំនួន ១៣៥ យូនីត គឺភាគច្រើនត្រូវបានលក់ចេញអស់ហើយ៕







