ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការព្យាករណ៍សន្ទស្សន៍ នៃការជួញដូរតម្លៃកុងតឺន័រ ក្រុងសៀងហៃ នាពេលអនាគតបានបង្ហាញថា តម្លៃកុងតឺន័រដឹកទំនិញរវាងតំបន់អាស៊ី និងតំបន់អឺរ៉ុបអាចនឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខ។
គិតត្រឹមថ្ងៃទី៥ ខែសីហានេះ សន្ទស្សន៍តម្លៃកុងតឺន័រ ដែលមានកិច្ចសន្យា ដឹកជញ្ជូនសម្រាប់ខែសីហា បានបិទការជួញដូរនៅត្រឹម៥.៦២៧ពិន្ទុ ខណៈសន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យានៅខែតុលា បានបិទនៅត្រឹម៣.៥៨៥ពិន្ទុ ធ្លាក់ចុះ៣% និង៩% រៀងគ្នាធៀបនឹងថ្ងៃទី២៩ ខែកក្កដា។
-->
ចំណែក សន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យាខែមេសា ឆ្នាំ២០២៥ខាងមុខ បានឈរនៅត្រឹម១.៩៦១ពិន្ទុ ខណៈសន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យាខែមិថុនា ឆ្នាំ២០២៥ដូចគ្នា ឈរនៅត្រឹម១.៩៥៥ពិន្ទុ ធ្លាក់ចុះ៥% និង៦% រៀងគ្នា។
យោងតាមសន្ទស្សន៍ Shanghai Containerized Freight Index (SCFI) បានបង្ហាញថា តម្លៃកុងតឺន័រដឹកជញ្ជូនរវាងទីក្រុងសៀងហៃ និងតំបន់អឺរ៉ុបខាងជើង បានធ្លាក់ចុះ២% មកនៅត្រឹម៤.៩០៧ដុល្លារអាមេរិក ចំពោះកប៉ាល់ដែលផ្ទុកទំនិញបានចំនួន២១,៧តោន។
ដោយផ្អែកលើតម្លៃបិទការជួញ ដូរចុងក្រោយបំផុតរបស់សន្ទស្សន៍តម្លៃកុងតឺន័រ ដែលមានកិច្ចសន្យាដឹកជញ្ជូន សម្រាប់ខែសីហា (EC2408) និងសន្ទស្សន៍តម្លៃកុងតឺន័រ សម្រាប់កិច្ចសន្យានៅខែតុលា (EC2410) ទីផ្សាររំពឹងថា តម្លៃកុងតឺន័ររវាងតំបន់អាស៊ី -អឺរ៉ុបនឹងធ្លាក់ចុះ៤,៤៦% ចំនួន៣សប្តាហ៍ជាប់ៗគ្នាដល់ចុងខែសីហានេះ និងបន្តធ្លាក់ចុះ៤,៤៩% រៀងរាល់សប្តាហ៍ក្នុងរយៈពេល៩សប្តាហ៍ បន្ទាប់អូសបន្លាយដល់ចុងខែតុលា។
តម្លៃកុងតឺន័ររវាងតំបន់ទាំង២ ត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះដល់ឆ្នាំ២០២៥ ស្របពេលតម្លៃដឹកជញ្ជូនកុងតឺន័រនាពេលបច្ចុប្បន្ន កំពុងត្រូវបានបញ្ចុះតម្លៃ ព្រោះសមត្ថភាពផ្ទុកទំនិញសរុប ទៅកាន់ទ្វីបអឺរ៉ុបខាងជើង នៅមានកម្រិតនៅឡើយ៕
ប្រភព: Container News
