ហេតុអ្វីក្រុមហ៊ុនយក្ស Apple នៅតែបន្តផលិតទូរស័ព្ទ សេរ៊ីiPhone នៅក្នុងប្រទេសចិន?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កន្លងមក ក្រុមហ៊ុន Apple បានពឹងផ្អែកលើប្រទេសចិន ក្នុងការផលិតទូរស័ព្ទiPhone ស៊េរីទំនើបរបស់ខ្លួន។

ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានព្យាយាមធ្វើពិពិធកម្ម មូលដ្ឋានផលិតកម្មរបស់ខ្លួន ដោយផ្តោតលើប្រទេសឥណ្ឌា និងប្រទេសដទៃទៀត។

មុនពេលការចេញលក់ទូរស័ព្ទស៊េរី iPhone 16 លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហោះវីដេអូមួយ ដើម្បីពន្យល់ពីមូលហេតុជំរុញឱ្យApple  សម្រេចចិត្តផលិតទូរស័​ព្ទស៊េរី iPhone នៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក Cook អះអាងថា តម្លៃពលកម្មថោក ពុំមែនជាហេតុផលនាំ ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទស៊េរី iPhone នៅក្នុងប្រទេសចិននោះទេ។

ជាក់ស្ដែង កន្លងទៅ មនុស្សជាច្រើនគិតថា ក្រុមហ៊ុន Apple ឈានជើងចូលទៅកាន់ប្រទេសចិន ដោយសារតែតម្លៃពលកម្មទាប។

ប៉ុន្តែលោក Tim Cook បានលើកឡើងថា ​“ការពិតប្រទេស​ចិន​ បានបោះបង់ឋានៈជា​ប្រទេស​ មាន​តម្លៃ​ពលកម្ម​ទាប​ជាច្រើន​ឆ្នាំ​មក​ហើយ”។

ផ្ទុយទៅវិញ លោកបញ្ជាក់ថា “កត្ដាជំនាញនៅក្នុងទីតាំងមូលដ្ឋានផលិតកម្ម និងប្រភេទកំលាំងពលកម្មជំនាញ ជាដើមហេតុធ្វើឱ្យយើងផលិតទូរស័ព្ទ iPhone នៅចិន ព្រោះចិនមានជំនាញផ្នែកឧបករណ៍ ជំនាញ​វិជ្ជាជីវៈជ្រៅណាស់”។

ក្នុងការឆ្លើយតប ទៅនឹងវីដេអូរបស់លោក Tim Cook ដែលបានបង្ហោះ នៅលើបណ្តាញសង្គម X  លោកមហាសេដ្ឋី Elon Musk ម្ចាស់ក្រុមហ៊ុនយក្ស Tesla បានអះអាងថា “នេះជាការពិត!”។

យោងតាមការចេញផ្សាយ នាពេលថ្មីៗពីសារពត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងចាប់ផ្តើមផលិតទូរស័ព្ទ iPhone 16 Pro និងទូរស័ព្ទ iPhone 16 Pro Max នៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំនេះ។

ការ​ដំឡើង​រោងចក្រខាងលើ អាច​នាំ​ឱ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ចំនួន១០% លើការចេញលក់ទូរស័ព្ទ​ iPhone 16 Pro ថ្មីនៅឥណ្ឌា។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលទីក្រុងញូវដែលី ក៏បានកាត់បន្ថយពន្ធគយ លើទូរស័ព្ទចល័ត ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុន Apple បញ្ចុះតម្លៃបន្ថែមទៀត៕ប្រភព: Mint៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here