ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាក់ព័ន្ឋចំនួន៣រូបបានអញ្ជើញ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤”។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤” ដោយមានវត្តមានអញ្ជើញ ចូលរួមជាគណៈអធិបតីដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
-->
លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះឡើង ដោយបានប្រមូលផ្ដុំភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យស្រូវអង្ករទាំងក្នុង និងក្រៅប្រទេស និងបង្កើតឱកាស ដ៏មានតម្លៃដើម្បីពិភាក្សា និងផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ព្រមទាំងជួយជំរុញការផ្សព្វផ្សាយបន្ថែម ដល់សាធារណជន និងធុរជនទាំងអស់ ឱ្យបានយល់ដឹងជ្រួតជ្រាប កាន់តែច្បាស់ពីសក្ដានុពល និងកាលានុវត្តភាព ជាពិសេសក្នុងវិស័យស្រូវអង្ករកម្ពុជា។
ព្រឹត្តិការណ៍នេះ ក៏ជាការសំដៅទាក់ទាញវិនិយោគិន ចូលរួមបណ្តាក់ទុនក្នុងផលិតកម្ម និងជាពិសេសលើកកម្ពស់តម្លៃបន្ថែមលើគុណភាព ខ្សែច្រវាក់ផលិតកម្មអង្ករ និងម៉ាកច្បាស់លាស់សម្រាប់បម្រើទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងន័យបង្កើតការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រៅពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ជាមួយសាជីវកម្ម COFCO នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការនាំចេញអង្ករចំនួន៥០០,០០០តោន ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការចរចាជាមួយបណ្តាប្រទេស ក្នុងតំបន់មួយចំនួន ដើម្បីពង្រី កទីផ្សារអង្ករកម្ពុជា។
ក្នុងនោះរួមមានការពិភាក្សាការងារស្តីពី ការរៀបចំអនុស្សារណៈ នៃការយោគយល់គ្នារវាង (១). កម្ពុជា និងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) (២). កម្ពុជា និងសាជីវកម្មពាណិជ្ជកម្ម អន្តរជាតិហ្វីលីពីន (Philippines International Trading Corporation – PITC) (៣). កម្ពុជា និងឥណ្ឌូណេស៊ី ក្នុងការនាំចេញអង្ករពីកម្ពុជា ទៅឥណ្ឌូនេស៊ី ក្នុងបរិមាណ២៥ម៉ឺនតោន ក្នុងរយៈពេល៤ឆ្នាំ តាមការព្រមព្រៀងរបស់ប្រមុខដឹកនាំទាំងពីរកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី កន្លងទៅ និង (៤). កម្ពុជា និង Guangdong- Hong Kong – Macao Great Bay Area (GBA)៕
