ម៉ាឡេស៊ី និង​កម្ពុជា​នាំមុខ​លើ​ការ​ពង្រីក​ការ​ទូទាត់​តាមប្រព័ន្ធ QR កូដនៅក្នុង​តំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការទូទាត់ប្រាក់តាមរយៈការស្កែន QR កូដជាមួយទូរស័ព្ទដៃស្មាតហ្វូន កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន ដោយក្នុងនោះម៉ាឡេស៊ី និងកម្ពុជាបាននាំមុខគេ ក្នុងការសម្រេចបានកំណើននៃប្រតិបត្តិការទូទាត់ថ្មីនេះ។

ការទូទាត់តាម QR កូដបានចាប់ផ្តើមរីករាលដាលនៅក្នុងតំបន់ ដោយសារចំនួនម្ចាស់គណនីធនាគារនៅមានកម្រិតទាប កង្វះបណ្តាញទូរ ATM នៅតាមតំបន់ជនបទ និងការហូរចូលមកដល់នៃទូរស័ព្ទស្មាតហ្វូនតម្លៃទាប។ និន្នាការ​នេះ​បាន​រីក​រាលដាល​ខ្លាំង ដោយសារ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ទេសចរណ៍ និង​ការ​តភ្ជាប់​ឆ្លង​ដែន។

យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅកម្ពុជា ប្រតិបត្តិការទូទាត់តាម QR កូដបានកើនឡើង២៩% ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ៦០១លានប្រតិបត្តិការ។ចំនួននេះមានការកើនឡើង១០ដងក្នុងរយៈពេលត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។

កាលពីខែមុន ធនាគារជាតិនៃកម្ពុជា បានបើកសម្ពោធប្រព័ន្ធទូទាត់តាមទូរស័ព្ទដៃ “Bakong Tourists” ដើម្បីសម្រួលឱ្យអ្នកធ្វើដំណើរអាចធ្វើប្រតិបត្តិការទូទាត់ដោយគ្មានសាច់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា។

ប្រព័ន្ធ Bakong Tourists ត្រូវបានបង្កើតឡើងនៅលើប្រព័ន្ធទូទាត់ឌីជីថលបាគង ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០ និងត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណឌីជីថលរបស់ធនាគារជាតិនៃកម្ពុជា។

លោកស្រី ជា សិរី អគ្គទេសាភិបាលរបស់ធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សេវាកម្មទេសចរណ៍បាគងក្នុងខេត្តសៀមរាបថា “ យើងមានទីតាំងទូទាត់តាមកូដ KHQR ចំនួន៣,៣លានកន្លែងនៅទូទាំងប្រទេស។ អ្នកលក់ដូរខ្នាតតូច និងអ្នកលក់ដូរតាមដងផ្លូវ ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបក៏ប្រើប្រាស់ប្រព័ន្ធ QR កូដផងដែរ”។

មគ្គុទ្ទេសក៍ទេសចរណ៍មួយរូបវ័យ៣៧ឆ្នាំនៅខេត្តសៀមរាប បានថ្លែងប្រាប់សារពត៌មាន Nikkei Asia ថា “ការបង្កើតប្រព័ន្ធ Bakong Tourists ជាគំនិតដ៏ល្អមួយក្នុងការជួយសម្រួលដល់ការបង់ប្រាក់របស់ភ្ញៀវទេសចរណ៍ និងមានសារៈប្រយោជន៍ក្នុងការលើកកម្ពស់ការយល់ដឹង និងចំណេះដឹងអំពីកម្មវិធី App ទេសចរណ៍ក្នុងចំណោមប្រតិបត្តិករទេសចរណ៍ មគ្គុទ្ទេសក៍ និងអ្នកពាក់ព័ន្ធផ្សេងទៀតតាមរយៈសិក្ខាសាលា”។

ចំណែក ប្រព័ន្ធទូទាត់ DuitNow QR ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៩នៅក្នុងប្រទេសម៉ាឡេស៊ី បានក្លាយជាមូលដ្ឋានគ្រឹះយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់តាមឌីជីថល។

យោងតាមធនាគារកណ្តាលម៉ាឡេសុី (Bank Negara Malaysia) បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំនេះ ការទូទាត់តាមប្រព័ន្ធទូទាត់ DuitNow QR មានចំនួន១,៥ពាន់លានប្រតិបត្តិការ កើនឡើង៦៤% ឬគិតសរុបជាទឹកប្រាក់ចំនួន១,៣៧ពាន់លានរីងហ្គីត (ប្រហែល៣២០លានដុល្លារ) កើនឡើង៣៧%ធៀបនឹងឆ្នាំមុន។

ប្រព័ន្ធ DuitNow QR អាច​ធ្វើការទូទាត់​ជាមួយ​នឹង​ប្រព័ន្ធ​នៅក្នុងបណ្តា​ប្រទេស​​ផ្សេង​ទៀត។ជាឧទាហរណ៍ ជនជាតិម៉ាឡេស៊ីអាចស្កែន QR កូដជាមួយប្រព័ន្ធ QRIS របស់ប្រទេសឥណ្ឌូនេស៊ី ប្រព័ន្ធ NETS របស់សិង្ហបុរី ប្រព័ន្ធ PromptPay របស់ប្រទេសថៃ ឬ ប្រព័ន្ធ Alipay របស់ចិន ដើម្បីទូទាត់ប្រាក់នៅបរទេស ហើយភ្ញៀវទេសចរណ៍អន្តរជាតិទៅកាន់ប្រទេសម៉ាឡេស៊ីក៏អាចស្កេនលេខកូដ DuitNow QR នៅទីនោះផងដែរ។

លោក Farhan Ahmad នាយកប្រតិបត្តិរបស់ក្រុមហ៊ុន PayNet និងជាអ្នកចូលរួមបង្កើតប្រព័ន្ធ DuitNow QR បានថ្លែងប្រាប់សារពត៌មាន Nikkei Asia ថា “យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់របស់យើង ដើម្បីបន្តបង្កើតបណ្តាញទូទាត់ឆ្លងដែនបន្ថែមទៀតសម្រាប់ប្រតិបត្តិការកូដ QR ហើយយើងក៏ផ្តោតលើពាណិជ្ជករខ្នាតតូចផងដែរ”៕ប្រភព:Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here