ធនាគារ ADB: សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែប្រឈមមុខនឹងបញ្ហា ប៉ុន្តែមានភាពធន់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់់អាស៊ីប៉ាស៊ីហ្វិកបន្តប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែសេដ្ឋកិច្ចរបស់តំបន់នេះនៅតែមានភាពធន់។នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពចេញផ្សាយនៅខែកញ្ញា ឆ្នាំ២០២៤បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងកម្រិត៥ភាគរយសម្រាប់ឆ្នាំនេះ និងកម្រិត៤,៩ភាគរយសម្រាប់ឆ្នាំ២០២៥ខាងមុខ។

របាយការណ៍ខាងលើបានបង្ហាញថា អត្រាអតិផរណានៅក្នុងតំបន់អាសុីប៉ាសុីហ្វិកត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិត២,៨ភាគរយសម្រាប់ឆ្នាំ២០២៤ ខណៈអត្រាអតិផរណាសម្រាប់ឆ្នាំ២០២៥ត្រូវបានព្យាករណ៍ថា នឹងស្ថិតក្នុងកម្រិត២,៩ភាគរយ។

របាយការណ៍បច្ចុប្បន្នភាពថ្មីនេះក៏បានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ានៅក្នុងឆ្នាំ២០២៤ដល់កម្រិត៤,៦ភាគរយ។

ចំណែក ទស្សនវិស័យកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងត្បូងសម្រាប់ឆ្នាំនេះត្រូវបានរក្សានៅត្រឹមកម្រិត៦,៣ភាគរយ។ប៉ុន្តែ ធនាគារ ADB បានទាញទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីអាគ្នេយ៍មកនៅត្រឹម៤,៥ភាគរយ ដោយសារការធ្លាក់ចុះនៃការវិនិយោគសាធារណៈ និងការងើបឡើងវិញយឺតនៃការនាំចេញ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនៅតែមានភាពរឹងមាំក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២៤ ដែលជំរុញដោយតម្រូវការក្នុងស្រុកដ៏រឹងមាំ និងកំណើននៃការនាំចេញ។

លោក Park បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយតាមរយៈប្រព័ន្ធអនឡាញថា “យើងរំពឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី នឹងនៅតែមានភាពរឹងមាំនៅឆ្នាំនេះ និងឆ្នាំក្រោយ”។

លោក Park បានបន្ថែមថា អតិផរណាបានបន្តកើនឡើងក្នុងកម្រិតមធ្យម ដោយបង្កើតឱកាសបន្ថែមទៀតសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់បណ្តាធនាគារកណ្តាលក្នុងតំបន់៕ប្រភព:Xinhua៕


LEAVE A REPLY

Please enter your comment!
Please enter your name here