អគារការិយាល័យយ៉ាងតិច១,៦លានម៉ែត្រការ៉េនឹងចាក់បញ្ចូលក្នុងទីផ្សារក្រុងបាងកក ក្នុងរយៈពេល៣ឆ្នាំខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេល៣ឆ្នាំខាងមុខ អគារការិយាល័យយ៉ាងតិចចំនួន១,៦លានម៉ែត្រការ៉េនៅរាជធានីបាងកករបស់ប្រទេសថៃនឹងត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងចាក់បញ្ចូលទៅក្នុងទីផ្សារ។

ការផ្គត់ផ្គង់ការិយាល័យគិតជាផ្ទៃក្រឡាទាំងនេះ រាប់បញ្ចូលទាំងអគារការិយាល័យនៅក្នុងគម្រោងប្រើប្រាស់ចម្រុះ One Bangkok ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Fraser Property Limited។

បច្ចុប្បន្ន ការជួលការិយាល័យកម្រិត A+ ប្រចាំខែនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD)របស់ទីក្រុងបាងកកមានតម្លៃជាមធ្យមចំនួន៣១,៨៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ចំណែក ការជួលការិយាល័យកម្រិត A មានតម្លៃជាមធ្យមចំនួន២៥,៩៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈការជួលការិយាល័យកម្រិត B នៅក្នុងតំបន់ CBD ដូចគ្នាមានតម្លៃជាមធ្យមចំនួន២០,៤៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand និងក្រុមហ៊ុន CBRE Thailand បានឱ្យដឹងថា ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងបាងកកបានកើនឡើងដល់៩,៦១លានម៉ែត្រការ៉េគិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២៤។

អត្រាគ្របដណ្តប់ការជួលការិយាល័យសរុបជាមធ្យមទូទាំងរាជធានីបាងកកក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះបានស្ថិតក្នុងរង្វង់៨២,២ភាគរយ ធ្លាក់ចុះ២,៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ១,៣% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន។

តម្រូវការការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) កំពុងត្រូវបានជំរុញដោយវិស័យដែលកំពុងរីកចម្រើនដូចជារថយន្តអគ្គិសនី ឱសថ និងក្រុមហ៊ុនបច្ចេកវិទ្យា ទោះបីជាឧស្សាហកម្មមួយចំនួនដូចជា រថយន្តម៉ាស៊ីនចំហេះខាងក្នុង និងផលិតផលថែរក្សាសម្ផស្សកំពុងធ្លាក់ចុះយ៉ាងណាក្តី។

ជាមួយគ្នានេះ ការធ្វើទំនើបកម្មអគារដូចជា ការបំពាក់បច្ចេកវិទ្យាដើម្បីបង្កើនសុវត្ថិភាព និងភាពងាយស្រួល ប្រព័ន្ធគ្រប់គ្រងថាមពលប្រកបដោយប្រសិទ្ធភាព លក្ខណៈពិសេសដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់អ្នកជួល ការកែលម្អបទពិសោធន៍នៅកន្លែងធ្វើការនឹងធ្វើឱ្យតម្រូវការបន្តកើនឡើង និងមានតម្លៃដ៏ប្រកួតប្រជែង៕ប្រភព: Bangkok Post៕


LEAVE A REPLY

Please enter your comment!
Please enter your name here