អ្នកជំនាញៈចរន្តទិញ លក់នៅតំបន់ភាគខាងត្បូងរាជធានីកំពុងមានភាពសកម្មជាងគេ

0

ដោយៈ ស៊ីវ ម៉េង

      ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា បច្ចុប្បន្នតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ មានសកម្មភាពទិញ លក់ដីសកម្មជាងគេ ក្នុងចំណោមទិសសំខាន់ៗនៃរាជធានី។

អគ្គនាយិកាក្រុមហ៊ុនAMATAK Prpperty Service Co, Ltdលោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា តំបន់ភាគខាងត្បូង គិតចាប់តាំងពីមហាវិធីសម្តេចតេជោ និងតភ្ជាប់ជាមួយមហាវិថីថ្មី តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះថ្មីបាននិងកំពុងមានសកម្មភាពទិញ លក់ដីធ្លីច្រើន ប៉ុន្តែជាដីដែលមានតម្លៃក្រោមទីផ្សារ។

លោកស្រីបញ្ជាក់ថា “ហេតុផលដែលអ្នកទិញដី នៅតំបន់នេះច្រើន ដោយសារតំបន់នេះ នឹងមានមនុស្សច្រើនរស់នៅក្រោយពេលព្រលានយន្តហោះថ្មី បើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខ”។ លោកស្រីបន្ថែមថា “ជាមួយគ្នានេះ សកម្មភាពអភិវឌ្ឍន៍លំនៅដ្ឋាន និងសំណង់នានា នឹងកើនឡើង ដើម្បីបំពេញតម្រូវការជាមួយនឹងកំណើន នៃការធ្វើដំនើររបស់ភ្ញៀវជាតិ អន្តរជាតិមកកាន់រាជធានីភ្នំពេញ”។

ទាក់ទងតម្លៃដីវិញ លោកស្រីតាំង ហួរបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការទិញ លក់ដីធ្លីនៅតំបន់នេះ ភាគច្រើនតម្លៃក្រោមទីផ្សារ ប៉ុន្តែក្រោមទីផ្សារប៉ុន្មានភាគរយ វាអាស្រ័យលើទីតាំង ស្ថានភាពដី និងទំហំដីជាដើម។

ជាមួយគ្នានេះ លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ា រៀលធីបានមានប្រសាស៍ឲ្យដឹងផងដែរថា បើធៀបនឹងឆ្នាំ២០២៣ ឆ្នាំនេះសកម្មភាព ទិញ លក់ ជួលពិតជាមានសភាពប្រសើរឡើង ប៉ុន្តែតម្លៃមិនទាន់កើនឡើងនោះទេ។

លោកយល់ស្របថា ការទិញ លក់ដីធ្លីនៅភាគខាងត្បូងរាជធានីបាននិងកំពុងកើនឡើងបណ្តើរៗ ប៉ុន្តែអ្នកមានលទ្ឋភាពទិញ ពួកគេជ្រើសរើសដីតម្លៃល្អ មានទីតាំងល្អដែលអាចប្រកបអាជីវកម្មបាន ឬសាងសង់សំណង់ ដើម្បីបំពេញតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here