ក្រុមអ្នកវិនិយោគចិនកំពុងសាងសង់ទីក្រុងរណបមួយនៅតំបន់អូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ

0

ដោយៈ គង់ សូរិយា

       បន្ទាយមានជ័យៈ ក្រុមអ្នកវិនិយោគចិនបាន និងកំពុងចាក់ដី សាងសង់ផ្ទះនៅលើផ្ទៃដីរាប់រយហិកតា ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជាមួយនឹងរថយន្តដឹកដីយ៉ាងមមាញឹក ការសាងសង់សំ​ណង់ផ្ទះល្វែង និងរូបអាគារខ្ពស់ៗ កំពុងត្រូវបានបង្ហាញនៅលើផ្ទាំងប៉ាណូ បាននិងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ កាន់តែច្រើនពី​អ្នកវិនិយោគក្នុងស្រុក និងប្រជាជនមូលដ្ឋាន។

អ្នកលក់សាច់គោម្នាក់ ដែលមានទីតាំងនៅជិតគំរោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន ដែលប្រាប់ថាឈ្មោះចែម៉ាប់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ចាប់តាំងពីចិនចូលមកតំបន់នេះ តម្លៃដី​បានកើនឡើង ដោយដីមួយម៉ែត្រដើរជម្រៅ៥០ម៉ែត្រ មានតម្លៃរហូតដល់១០,០០០ដុល្លារ នាពេលនេះ។

នៅតាមផ្លូវចូលទៅកាន់តំបន់នេះ សកម្មភាពសាងសង់ផ្សារបាននិងកំពុងចាប់ផ្តើម ជាមួយនឹងលំហូរប្រជាជនចូលទៅរស់នៅបណ្តើរៗផងដែរ។

បច្ចុប្បន្នចិនកំពុងបើកផ្ទះសំណាក់ និងភោជនីយដ្ឋានបណ្តើរៗនៅតំបន់នេះរួចហើយ។

អ្នកអភិវឌ្ឍន៍មួយរូប លោកណាង ប៊ុនថនបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី២១ តុលានេះថា លោកបាននិងកំពុងសាងសង់ផ្សារ និងពុះដីឡូត៍លក់នៅតំបន់នេះ ដោយព័ត៌មាន ដែលលោកទទួលបានគឺក្រុមចិន មកពីក្រុងព្រះសីហនុ និងមកពីក្រុងប៉ោយប៉ែត និងមកពីតំបន់ដទៃទៀតរាប់ម៉ឺននាក់នឹងចូលមករស់នៅ និងប្រកបអាជីវកម្មនៅតំបន់នេះ។

លោកបន្តថា “តំបន់នេះ នឹងមានភាពរីកចម្រើនលឿននាពេលអនាគត ព្រោះតំបន់នេះមានចម្ងាយ ប្រមាណ៣០គីឡួម៉ែត្រប៉ុណ្ណោះពីក្រុងប៉ោយប៉ែត”។ លោកបន្ថែមថា “បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើន ចាប់ផ្តើមចាប់អារម្មណ៍នៅតំបន់នេះ”។

លោកណាង ប៊ុនថនបានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកវិនិយោគចិន បានទិញដីបាន១០០០ហិកតារួចហើយ ដោយពួកគេគ្រោងនឹងទិញដី១០០០ហិកតាទៀត ដើម្បីពង្រីកតំបន់អភិវឌ្ឍន៍របស់ពួកគេ។

ប្រធានសមាគម សហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) លោកយិន លាងគង់ ដែលបានចុះទៅកាន់តំបន់នេះ កាលពីចុងសប្តាហ៍មុនបានមានប្រសាសន៍ថា លោកមិនច្បាស់ពីផែនការរបស់រដ្ឋាភិបាល និងក្រុមហ៊ុនចិនទាំងនោះទេ ប៉ុន្តែបើតាមសកម្មភាពសាងសង់ ការចាក់ដី និងប្លង់ស្ថាបត្យកម្ម របស់អ្នកអភិវឌ្ឍន៍ ទីក្រុងថ្មីមួយអាចនឹងលេចឡើងនៅតំបន់នេះនាពេលអនាគតឆាប់ៗនេះ ប្រសិនជាអ្នកអភិវឌ្ឍន៍ពិតជាធ្វើតាមផែនការរបស់ពួកគេ។

លោកបន្តថា “តំបន់នេះមានលក្ខខ័ណ្ឌភូមិសាស្រ្ត អំណោ​យផលច្រើន ដោយសារជាតំបន់អភិវឌ្ឍន៍ថ្មី មានទីតាំងនៅក្បែរព្រំប្រទល់ប្រទេសថៃ មានទីតាំងនៅជិតទីក្រុងប៉ោយប៉ែត ដែលកំពុងរីកចម្រើនយ៉ាងលឿន និងមានតំបន់សេដ្ឋកិច្ចពិសេ​សនៅក្បែរច្រើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here