ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាសំ សុខនឿនបានអះអាងថា តំរូវការដីសម្រាប់ រោងចក្រ សួនឧស្សាហម្ម តំបន់សេដ្ឋកិច្ចពិសេស កំពុងងើបឡើងវិញជាបណ្តើរៗ នៅចុងឆ្នាំ២០២៤នេះ។
ប្រធានសម្ព័នក្រុមហ៊ុម SAM SN GROUPនិងជាអ្នកជំនាញអចលនទ្រព្យរូបនេះ បានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា តម្រូវការដីសម្រាប់សាងសង់ តំបន់ឧស្សាហកម្ម ស្ថិតនៅលើផ្លូវជាតិលេខ៣ លេខ៤ ផ្លូវជាតិលេខ៥ ផ្លូវលេខ៥១ ផ្លូវលេខ៤៤ ខេត្តកំពង់ស្ពឺ ផ្លូវលេខ៤១ និងចំណុចផ្លូវចុះផ្លូវល្បឿនលឿន។
-->
អ្នកឧកញ៉ាសំ សុខនឿនបានបញ្ជាក់ថា “មូលហេតុដែលមានតម្រូវការដីសាងសង់រោងចក្រ តំបន់ឧស្សាហកម្មកើនឡើង ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានគោលនយោបាយជាច្រើន អនុគ្រោះដល់ការវិនិយោគ”។ អ្នកឧកញ៉ាបន្ថែមថា “លើសពីនេះ កម្ពុជាមានគោលការណ៍លើកទឹកចិត្តលើទំនិញជាច្រើន ដែលអនុគ្រោះដល់ការនាំចេញ អាចនាំចេញប្រាក់ចំណេញបានដោយរួចពន្ឋ ជនបរទេសអាចមានសិទ្ឋ បើកក្រុមហ៊ុនដោយមានភាគហ៊ុន១០០ភាគរយបាន”។
អ្នកឧកញ៉ាបានបន្តថា អ្វីកាន់តែពិសេសរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំខេត្តព្រះសីហនុ ជាទីក្រុងពហុបំណង ដែលនឹងធ្វើឲ្យខេត្តនេះ កាន់តែមានភាពទាក់ទាញថែមទៀត។ ហើយការដែលមានអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាកានើតែច្រើន ដោយសារពួកគេជឿទុកចិត្តលើការដឹកនាំរបស់សម្តេចទាំងទ្វេរ គឺសម្តេចតេជោហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា។
អ្នកឧកញ៉ាបានបន្តថា “នៅពេលមានការអភិវឌ្ឍតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស នឹងធ្វើឲ្យមានតម្រូវការលំនៅដ្ឋាន អាគារពាណិជ្ជកម្មកើនឡើងបណ្តើរៗផងដែរ”។ លោកបន្ថែមថា “ប៉ុន្តែវាត្រូវការរយៈពេលប្រមាណ៥ឆ្នាំទៀត ទើបកំនើនតម្រូវការអាគារធំៗ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មកើនឡើងកាន់តែប្រសើរ”៕
