កម្ពុជា ចិនបើកវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល ឆ្នាំ២០២៤

0

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ឆ្នាំ២០២៤ និងពិធីបង្ហាញសមាគមវិជ្ជាជីវៈសេដ្ឋកិច្ចឌីជីថលនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា បានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ។

កម្មវិធីនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីសង្ខេបនូវសមិទ្ធិផលនានាក្រោមកិច្ចសហប្រតិបត្តិការកន្លងមក ក៏ដូចជាស្វែងយល់អំពីសក្តានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងកម្ពុជានិងចិន លើវិស័យបច្ចេកវិទ្យាឌីជីថល ដែលត្រូវបានរំពឹងថានឹងឈានទៅរកភាពជោគជ័យបន្ថែមទៀតក្នុងយុគសម័យថ្មីនេះ។ ជាការពិត បច្ចេកវិទ្យាឌីជីថលបានចូលរួមជំរុញពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាដើម តាមរយៈការបង្កើនផលិតភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាពការងារ។ ជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការងារបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ក្របខណ្ឌគោលនយោបាយគាំទ្រលើវិស័យនេះ ត្រូវបានដាក់ចេញជាបន្តបន្ទាប់រួមមាន ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ ជាដើម។

ស្របតាមប្រធានបទនៃកម្មវិធីនាឱកាសនេះ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក.អ.ក. ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានចូលរួមជាវាគ្មិន ចែករំលែកអំពីបទពិសោធន៍លើកិច្ចការងារអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការត្រៀមខ្លួនក្នុងយុគសម័យថ្មី ពិសេសក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការវិនិយោគឯកជន និងសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនអំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការលើកកម្ពស់បច្ចេកវិទ្យា តាមរយៈការដាក់ចេញឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលបានអនុញ្ញាតឱ្យវិនិយោគិនចុះបញ្ជីគម្រោងវិនិយោគ គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here