ក្រុមហ៊ុនថាមពលរបស់ជប៉ុន eRex គ្រោងចាប់ផ្តើមសាងសង់រោងចក្រថាមពលស្អាតនៅកម្ពុជា ក្នុងឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនថាមពលរបស់ជប៉ុន eRex កំពុងពន្លឿនការជំរុញអាជីវកម្មរបស់ខ្លួនទៅកាន់តំបន់អាស៊ាន តាមរយៈគម្រោងវិនិយោគលើថាមពលជីវម៉ាស់ថ្មីនៅកម្ពុជា និងវៀតណាម ខណៈតម្រូវការថាមពលស្អាតក្នុងតំបន់មានការកើនឡើង។

ចំពោះការវិនិយោគនៅកម្ពុជា ក្រុមហ៊ុន eRex គ្រោងសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាសរួមគ្នា ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីចំនួន៩០.០០០គីឡូវ៉ាត់។

គម្រោងបង្កើតរោងចក្រនេះត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគចន្លោះពី១០ពាន់លានយ៉េនទៅ២០ពាន់លានយ៉េន (ប្រមាណ៦៥លានដុល្លារទៅ១៣០លានដុល្លារ)។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Nikkei Asia។

ការសាងសង់គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥ខាងមុខ ខណៈក្រុមហ៊ុន eRex គ្រោងនឹងពិចារណាទទួលយកការវិនិយោគពីដៃគូខាងក្រៅ។

ជីវម៉ាសជាប្រភពថាមពលដែលមានស្ថិរភាពជាងថាមពលកកើតឡើងវិញដូចជាថាមពលពន្លឺព្រះអាទិត្យ ព្រោះបន្ទះសូឡាងាយនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

ចំណែកឯ ការវិនិយោគនៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន eRex គ្រោងនឹងលាយឥន្ធនៈជីវៈជាមួយធ្យូងថ្មនៅរោងចក្រថាមពលចំនួន៦ ដែលដំណើរការដោយក្រុមហ៊ុន Vietnam National Coal & Mineral Industries Holdings (Vinamicon) ដើម្បីបង្កើនសមត្ថភាពផលិតថាមពលរួមគ្នាដល់ចំនួនជាង១.៥០០មេហ្គាវ៉ាត់។

គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអង្គការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលថ្មី និងឧស្សាហកម្ម (NEDO) របស់ប្រទេសជប៉ុន។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា តម្រូវការថាមពលរបស់ប្រទេសវៀតណាមបានកើនឡើងទ្វេរដងក្នុងរយៈពេលមួយទសវត្សរ៍គិតត្រឹមឆ្នាំ២០២២។ ប៉ុន្តែ ប្រទេសនេះបានពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្មដើម្បីផលិតអគ្គិសនី ហើយការទប់ស្កាត់ការបំភាយឧស្ម័នជាបញ្ហាប្រឈមដ៏សំខាន់មួយ៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here