ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនថាមពលរបស់ជប៉ុនeRex កំពុងពន្លឿនការជំរុញអាជីវកម្មរបស់ខ្លួន ទៅកាន់តំបន់អាស៊ាន តាមរយៈគម្រោងវិនិយោគ លើថាមពលជីវម៉ាស់ថ្មីនៅកម្ពុជា និងវៀតណាម ខណៈតម្រូវការថាមពលស្អាត ក្នុងតំបន់មានការកើនឡើង។
ចំពោះការវិនិយោគនៅកម្ពុជា ក្រុមហ៊ុន eRex គ្រោងសាងសង់រោងចក្រ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាសរួមគ្នា ដែលមានសមត្ថភាពផលិត ថាមពលអគ្គិសនីចំនួន៩ម៉ឺនគីឡូវ៉ាត់។
-->
គម្រោងបង្កើតរោងចក្រនេះត្រូវបានគេរំពឹងថា នឹងចំណាយទុនវិនិយោគ ចន្លោះពី១០ពាន់លានយ៉េន ទៅ២០ពាន់លានយ៉េន (ប្រមាណ៦៥លានដុល្លារទៅ១៣០លានដុល្លារ)។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Nikkei Asia។
ការសាងសង់គ្រោងនឹងចាប់ផ្តើម ដំណើរការនៅឆ្នាំ២០២៥ខាងមុខ ខណៈក្រុមហ៊ុន eRex គ្រោងនឹងពិចារណាទទួលយកការវិនិយោគពីដៃគូខាងក្រៅ។
ជីវម៉ាសជាប្រភពថាមពល ដែលមានស្ថិរភាពជាងថាមពលកកើតឡើងវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ ព្រោះបន្ទះសូឡា ងាយនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។
ចំណែកឯការវិនិយោគ នៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន eRex គ្រោងនឹងលាយឥន្ធនៈជីវៈជាមួយធ្យូងថ្ម នៅរោងចក្រថាមពលចំនួន៦ ដែលដំណើរការដោយក្រុមហ៊ុន Vietnam National Coal & Mineral Industries Holdings (Vinamicon) ដើម្បីបង្កើនសមត្ថភាពផលិតថាមពលរួមគ្នា ដល់ចំនួនជាង១.៥០០មេហ្គាវ៉ាត់។
គំនិតផ្តួចផ្តើមនេះ ត្រូវបានគាំទ្រដោយអង្គការអភិវឌ្ឍន៍បច្ចេកវិទ្យាថាមពលថ្មី និងឧស្សាហកម្ម (NEDO) របស់ប្រទេសជប៉ុន។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានឱ្យដឹងថា តម្រូវការថាមពល របស់ប្រទេសវៀតណាម បានកើនឡើងទ្វេរដង ក្នុងរយៈពេលមួយទសវត្សរ៍គិតត្រឹមឆ្នាំ២០២២។ ប៉ុន្តែ ប្រទេសនេះ បានពឹងផ្អែកខ្លាំងលើការដុតធ្យូងថ្ម ដើម្បីផលិតអគ្គិសនី ហើយការទប់ស្កាត់ការបំភាយឧស្ម័ន ជាបញ្ហាប្រឈមដ៏សំខាន់មួយ៕ប្រភព: Nikkei Asia៕
