ដោយ: គង់ លាងហួរ
អន្តរជាតិ: ការវិនិយោគលើប្រភេទអចលនទ្រព្យ ពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានទំហំទឹកប្រាក់៣៨,៨ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំនេះ កើនឡើង៨២%ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។
តួលេខខាងលើនេះ ជាទំហំទឹកប្រាក់នៃការវិនិយោគប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការដំឡើងអត្រាការប្រាក់បានចាប់ផ្តើមនៅឆ្នាំ២០២២។
ដោយឡែក ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ ការវិនិយោគសរុបទូទាំងតំបន់ មានទំហំទឹកប្រាក់ចំនួន៩៦,៣ពាន់លានដុល្លារអាមេរិក កើនឡើង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL។
រីឯការវិនិយោគឆ្លងដែន នៅក្នុងវិស័យអចលនទ្រព្យគ្រប់ផ្នែកទាំងអស់ លើកលែងតែការទិញអចលនទ្រព្យ សម្រាប់ការរស់នៅ សម្រេចបានទំហំទឹកប្រាក់សរុប ចំនួន១៤,៥ពាន់លានដុល្លារ ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ កើនឡើង៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការកើនឡើងនៃការវិនិយោគពីបរទេស ត្រូវបានជំរុញដោយទីផ្សារការិយាល័យ និងអចលនទ្រព្យក្នុងវិស័យភស្តុភារ។
ប្រទេសកូរ៉េខាងត្បូង បានក្លាយជាទីផ្សារសកម្មបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយទទួលបានត្រឡប់មកវិញនូវកិច្ចព្រមព្រៀងការិយាល័យខ្នាតធំ។ ចំណែក ប្រទេសជប៉ុនបានទាក់ទាញ ការវិនិយោគអចលនទ្រព្យ គ្រប់ផ្នែកទាំងអស់ចំនួន៨,៤ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី៣ ជាពិសេសការទិញយកផលប័ត្រសណ្ឋាគារធំៗ ដោយបណ្តាវិនិយោគិនបរទេស។
ប្រទេសសិង្ហបុរី បានទាក់ទាញការវិនិយោគអចលនទ្រព្យគ្រប់ផ្នែកទាំងអស់ចំនួន៤,៤ពាន់លានដុល្លារ នៅក្នុងត្រីមាសទី៣ កើនឡើង១១៨%បើធៀបនឹងឆ្នាំមុន ដោយសារកំណើននៃតម្រូវការវិនិយោគអចលនទ្រព្យ ផ្នែកឧស្សាហកម្ម និងផ្នែកលក់រាយ៕ប្រភព: JLL៕