ក្រុមហ៊ុនអាកាសចរណ៍ Emirate Airline នឹងផ្លាស់ប្តូរគោលដៅឈប់សំចតមុនមកកាន់ក្រុងភ្នំពេញ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ក្រុមហ៊ុនអាកាសចរណ៍ Emirate Airline នឹងផ្លាស់ប្តូរគោលដៅរង់ចាំ និងទទួលអ្នកដំណើរមុនពេលហោះត្រង់មកកាន់ក្រុងភ្នំពេញ នាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមការឲ្យដឹកពីមន្រ្តីជំនាញទេសចរណ៍មួយរូប។


លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ មិនានេះថា តាមលោកទទួលបានព៌តមានជាក់លាក់បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirate  នឹងភ្ជាប់ការហោះហើរត្រង់មកកាន់ក្រុងបាងកក មុនពេលតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុននេះកំពុងតភ្ជាប់ជើងហោះហើររវាងទីក្រុងឌូបៃ មកកាន់ទីក្រុងរ៉ង់ហ្គូន មុនពេលហោះមកកាន់រាជ ធានីភ្នំពេញ។
លោកបន្តថា “នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងបញ្ចប់ការចុះចតនៅទីក្រុងរ៉ង់ហ្គូន ហើយមកចុះចតនៅក្រុងបាងកកជំនួសវិញ មុនពេលហោះហើរត្រង់មកកាន់ក្រុងភ្នំពេញ”។ លោកបន្តថា “វាជាសញ្ញាល្អ ប្រសិនជាក្រុមហ៊ុននេះចុះនៅបាងកក មុនមកកម្ពុជា ព្រោះយើងអាចទាក់ទាញភ្ញៀវអឺរ៉ុបបានច្រើន ខណៈភ្ញៀវទេសចរណ៍ចេញពីភូមាមកកម្ពុជា មានចំនួននៅមានកម្រិត”។


ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ថា នេះជាព៌តមានពិត និងពិសេសមួយ ដោយសារការភ្ជាប់ជើងហោះហើរពីឌូបៃ មកកាន់ទីក្រុងបាងកក ជាដំណើរការល្អ ព្រោះក្រុមហ៊ុនមិនសូវទទួលបានផលពីទីក្រុងរ៉ង់ហ្គូន ទើបពួកគេមកចុះចតនៅក្រុងបាងកក មុនមកកាន់រាជធានីភ្នំពេញ ជាការប្រសើរសំរាប់កម្ពុជា ព្រោះភ្ញៀវធ្វើដំណើរពីក្រុងបាងកក មកកាន់ភ្នំពេញមានភ្ញៀវជិះពេញៗ។
លោកស្រីបន្តថា “ការផ្លាស់ប្តូរបែបនេះជាការប្រសើរ ព្រោះយើងរំពឹងទទួលបានភ្ញៀវបានច្រើន ដោយសារEmirate មិនត្រឹមតែនាំភ្ញៀវពីឌូបៃមកកម្ពុជាទេ តែក៏ទាក់ទាញភ្ញៀវអឺរ៉ុបមកកម្ពុជាច្រើនផងដែរ”។លោកស្រីបន្តថា “Emirate Airline ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ផ្កាយ ដែលមានការទទួលស្គាល់ពីអន្តរជាតិ និងទាក់ទាញការធ្វើដំណើរច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here