តើបណ្តាប្រទេសណាខ្លះ ដែលបានហាមឃាត់ការប្រើប្រាស់កម្មវិធីមួយនេះ?

0

ដោយៈ គង់ លាងហួរ

       ភ្នំពេញៈ បណ្តាញទំនាក់ទំនងសង្គម បានក្លាយជាមធ្យោ​បាយពេញនិយមមួយសម្រាប់សតវត្សរ៍ទី២១នេះ ជាមួយនឹងការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យានេះ ប្រទេសជាច្រើនក៏បានស្វាគមន៍ និងបដិសេធវេទិកាបណ្តាញទាំងនេះផងដែរ។

        តើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម ដែលមានអ្នកប្រើប្រាស់ជិត១០០០លាននាក់ ត្រូវបានមេដឹកនាំប្រទេសណាហាមឃាត់មិនឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់?។

១: ប្រទេសដែលបានហាមឃាត់ការប្រើប្រាស់កម្មវិធី Telegram ជាអចិន្ត្រៃយ៍?

ប្រទេសចិន

វាមិនខុសពីកម្មវិធីមួយចំនួន របស់អាមេរិកឡើ​យ បណ្តាញទំនាក់ទំនងសង្គមTelegram ត្រូវបានបិទនៅក្នុងប្រទេសចិន តាំងពីឆ្នាំ២០១៥ បន្ទាប់ពីការវាយប្រហារ ដោយតាមអនឡាញដ៏ធំ (DDoS) ហើយការហាមឃាត់កម្មវិធីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលចិនអះអាង​ថា ជាការគ្រប់គ្រងទៅលើលំហូរព័ត៌មាន និងមាតិកាក្លែងក្លាយ។

ប្រទេសអ៊ីរ៉ង់

ប្រទេសនេះ បានហាមឃាត់កម្មវិធី Telegram ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចោទប្រកាន់ថា បានជួយដល់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។ បន្ទាប់ពីហាមឃាត់ Telegram រួច អាជ្ញាធរអ៉ីរ៉ង់បានផ្សព្វផ្សាយ និងណែនាំឱ្យប្រជាជនជ្រើសរើសប្រើប្រាស់កម្មវិធីក្នុងស្រុកជំនួសវិញ។

២: ប្រទេសដែលបានហាមឃាត់ជាបណ្តោះអាសន្ន និងបានដាក់លក្ខខណ្ឌ។

ប្រទេសរុស្ស៊ី

ប្រទេសមួយនេះ បានហាមឃាត់ការប្រើប្រាស់ Telegram កាលពីឆ្នាំ២០១៨ ប៉ុន្តែបានបើកឱ្យប្រើប្រាស់វិញនៅឆ្នាំ ២០២០​។ មូលហេតុដែលហាមឃាត់នោះ ដោយសារតែ Telegram បានបដិសេធមិនផ្តល់ទិន្នន័យ អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល ហើ​យចំពោះការដកបម្រាមវិញ ត្រូវបានធ្វើឡើងនៅពេលដែល Telegram បានយល់ព្រមសហការជាមួយរដ្ឋាភិបាល និងគោរពទៅតាមបទប្បញ្ញត្តិ។

ប្រទេសប៉ាគីស្ថាន

ទោះបីជាប្រទេសនេះ មិនបានចេញសេចក្ដីប្រកាសជាផ្លូវការ ក្នុងការហាមឃាត់កម្មវិធ Telegram ក៏ដោយក្តី ប៉ុន្តែជារឿយៗ នៅរាល់ពេលមានចលាចល ឬបាតុកម្ម ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ មិនអាចចូលទៅប្រើប្រាស់កម្មវិធី Telegram បានឡើយ រហូតដល់ស្ថានការណ៍មានស្ថិរភាព ទើបអាចប្រើបានធម្មតា។

៣: ប្រទេសដែលបានរឹតត្បិត និងត្រួតពិនិត្យ

ប្រទេសឥណ្ឌា

កម្មវិធី Telegram ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលឥណ្ឌា តាំងពីមុនពេល CEO របស់ Telegram ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសបារាំង។

ប្រទេសឥណ្ឌា បានបើកការស៊ើបអង្កេតលើកម្មវិធី Telegram ក្រោមបទចោទក្នុង សកម្មភាពឧក្រិដកម្មផ្សេងៗ ដូចជាការបែកធ្លាយ និងចែកចាយរូបភាពអាសអាភាស ជាពិសេ​សរូបកុមារ និងការបែកធ្លាយ​វិញ្ញាសារប្រឡង។ ការហាមឃាត់ Telegram អាចត្រូវបានពិចារណា អាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។

ប្រទេសអាល្លឺម៉ង់

ប្រទេសនេះ បានចេញសេចក្ដីប្រកាស ហាមឃាត់កម្មវិធី Telegram នៅឆ្នាំ២០២២ ដោយសារតែបានរំលោភលើច្បាប់ “ពាក្យសំដីស្អប់ខ្ពើម”។ ប៉ុន្តែTelegram ត្រូវបានបើកដំណើរការឡើងវិញ ជំនួសដោយការផាកពិន័យ ជាទឹកប្រាក់ចំនួន៥លានអឺរ៉ូ សម្រាប់ការមិនអនុលោមតាមបទប្បញ្ញត្តិក្នុងស្រុក។

ប្រទេសន័រវែស

ប្រទេសនេះ បានហាមប្រើប្រាស់កម្មវិធី Telegram នៅលើឧបករណ៍ ការងារសម្រាប់មន្ត្រីរដ្ឋាភិបាល ដោយសារបញ្ហាសន្តិសុខជាតិ ជាពិសេសពីប្រទេសរុស្ស៊ី និងចិន។

ប្រទេសតួកគី

ប្រទេសមួយនេះ បានរឹតបន្តឹងការប្រើប្រាស់ Telegram ទៅតាមពេលវេលា ជាពិសេសក្នុងអំឡុងពេលដែលមានភាពរសើបផ្នែកនយោបាយ ឬនៅពេលដែល Telegram ត្រូវបានប្រើសម្រាប់ការតវ៉ាប្រឆាំងរដ្ឋាភិបាល។

ប្រទេសអារ៉ាប់រួម

អារ៉ាប់រួម មិនបានហាមឃាត់ ឬរឹតបណ្ដឹងទៅលើកម្មវិធីមួយនេះនោះទេ ប៉ុន្តែបានរឹតបន្តឹងជាចម្បង ចំពោះមុខងារ Voice និង Video ដោយសាររដ្ឋាភិបាល គ្រប់គ្រងសេវាទូរស័ព្ទតាមអ៊ីនធឺណេត។

ប្រទេសបេឡារុស្ស

ប្រទេសនេះ មិនមានការហាមឃាត់ជាផ្លូវការទេ ប៉ុន្តែអ្នកប្រើប្រាស់អាចប្រឈម នឹងហានិភ័យសំខាន់ៗ​មួយចំនួន ជាពិសេសអ្នកដែលចូលរួមក្នុងក្រុម Telegram ត្រូវបានរដ្ឋាភិបាលបានកំណត់មុខសញ្ញាថា ជាក្រុមជ្រុលនិយម។

៤: ការហាមឃាត់ក្នុងរយៈពេលខ្លី

ប្រទេសថៃ

ប្រទេសថៃ បានហាមឃាត់ការប្រើប្រាស់ Telegram ក្នុងរយៈពេលខ្លីនៅឆ្នាំ២០២០ បន្ទាប់ពីអាជ្ញាធរបានរកឃើញថា Telegram បានជួយដល់ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលនាំឱ្យមានការបង្ក្រាបលើអ្នកប្រឆាំង៕ប្រភព:Social Capital Markets៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here