ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបជាង៣០៦គីឡូម៉ែត្រ ជាផ្លូវដ៏សំខាន់ក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។
ផ្លូវនេះ ជាផ្លួវក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែន ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ។
-->
យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៧៦ ត្រូវបានបញ្ចប់ការសាងសង់នៅក្នុ ង២០១២ ដោយបានក្លាយជាមធ្យោបាយដ៏សំខាន់ ឆ្លងកាត់ទៅតំបន់ឦសាន ព្រោះថាការធ្វើដំណើរ ទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ ។
តួយ៉ាង ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាម ក្នុងវិស័យដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរ ផ្តល់ផាសុកភាព និងអមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវផងដែរ៕
