ស្ថាប័នជំនាញវាយតម្លៃថា កំណើននៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនឹងក្លាយជាកាតាលីករដ៏ធំក្នុងវិស័យលំនៅដ្ឋានរបស់កម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank បានឱ្យដឹងថា ការកើនឡើងនៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងស្រុក ជាពិសេសនៅទីក្រុងភ្នំពេញ នឹងក្លាយជានិន្នាការជំរុញវិស័យលំនៅដ្ឋានរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសមួយនេះបានសរសេរបន្តថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាបានបន្តដើរតួជាកត្តាសំខាន់នៅពីក្រោយកំណើនជារួមគិតត្រឹមឆ្នាំ២០២៤នេះ។

យោងតាមការវិភាគបង្ហាញថា បច្ចុប្បន្ន ចំនួនប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ទីក្រុងមានចំណែកត្រឹមតែ២៤,២ភាគរយប៉ុណ្ណោះនៃចំនួន
ប្រជាជនកម្ពុជាសរុបទូទាំងប្រទេស។

យ៉ាងណាមិញ ចំណែកនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៣០,៦ភាគរយនៅឆ្នាំ២០៣០ និងបន្តកើនឡើងបន្ថែមទៀតដល់ចំនួន៤១,១ភាគរយនៅឆ្នាំ២០៥០។

យោងតាមក្រុមហ៊ុន ​​Knight Frank បានបញ្ជាក់ឱ្យដឹងទៀតថា ការកើនឡើងយ៉ាងឆាប់រហ័សនៃនគរូបនីយកម្មនេះបង្ហាញពីតម្រូវការក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

របាយការណ៍របស់ក្រុមហ៊ុន Knight Frank បានពន្យល់ថា ស្របពេលប្រជាជនវ័យក្មេងនៅតាមទីជនបទធ្វើចំណាកស្រុកមកកាន់ទីក្រុងដើម្បីទទួលបានឱកាសកាន់តែប្រសើរឡើង ក្នុងពេលដំណាលគ្នានេះ ពួកគេក៏នឹងជួយជំរុញតម្រូវការលំនៅដ្ឋានក្នុងស្រុកផងដែរ។

ដូច្នេះហើយ ការកើនឡើងនៃអត្រានគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ ផ្តល់នូវទស្សនវិស័យវិជ្ជមានសម្រាប់បណ្តាអ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសបង្កើតប្រាក់ចំណេញរយៈពេលវែងលើការវិនិយោគអចលនទ្រព្យលំនៅដ្ឋាន។

លោក Ross Wheble នាយកក្រុមហ៊ុន Knight Frank Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគបរទេសនៅតែបន្តដើរតួជាកត្តាជំរុញដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក​បាន​បន្ត​ថា​ “ការ​វិនិយោគ​បាន​និង​កំពុង​ហូរ​ចូល​មក​កាន់កម្ពុជាពី​បណ្តាប្រទេស​ធំៗ​ដូច​ជា ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី ចិន​ដី​គោក តៃវ៉ាន់ និង​ហុងកុង”។

លោក​បាន​បន្ថែម​ថា​ “ការណ៍នេះឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីបណ្តាវិនិយោគិនអន្តរជាតិ​ចំពោះ​ទីផ្សារ​របស់​យើង”។

ស្របពេលជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញផងដែរថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងធ្វើពិពិធកម្មផលិតផលរបស់ពួកគេកាន់តែខ្លាំងឡើង ដើម្បីទទួលបានភាពលេចធ្លោនៅលើទីផ្សារ៕ប្រភព: Knight Frank៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here