ដោយ: គង់ លាងហួរ
ហាណូយ: ក្រុមហ៊ុនអចលនទ្រព្យលក់រាយ Aeon Mall គ្រោងនឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់ផ្សារទំនើបតម្លៃ៥,១៤ទ្រីលានលានដុង (ប្រហែល២០២លានដុល្លារអាមេរិក) នៅទីក្រុងទេសចរណ៍ Ha Long ក្នុងខេត្ត Quang Ninh នៅដើមខែធ្នូ ឆ្នាំនេះ។
គម្រោងផ្សារទំនើបកម្ពស់៥ជាន់នេះ នឹងត្រូវសាងសង់លើដីទំហំ៩១ម៉ែត្រការ៉េ ហើយគ្រោងនឹងបញ្ចប់ នៅចុងខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Vnexpress។
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនលក់រាយ Aeon របស់ជប៉ុន មានផ្សារទំនើបចំនួន៧ទីតាំង នៅក្នុងប្រទេសវៀតណាម ដែលមានទំហំផ្ទៃក្រឡាសរុបបញ្ចូលគ្នា ទាំងអស់ប្រមាណ៤៦២.០០០ម៉ែត្រការ៉េ។
ថ្មីៗនេះ អាជ្ញាធរវៀតណាម ក៏បានអនុម័តឱ្យក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ សាងសង់ផ្សារទំនើបតម្លៃ៥,៤ទ្រីលានដុងនៅទីក្រុង Can Tho ក្នុងតំបន់ដីសណ្តទន្លេមេគង្គ បន្ទាប់ពីក្រុមហ៊ុន Aeon បានចាប់ផ្តើមបើកការដ្ឋាន សាងសង់ផ្សារទំនើបនៅខេត្ត Long An ក្នុងខែឧសភាឆ្នាំនេះ។
លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងផ្សារទំនើបជាច្រើនផ្សេងទៀត ដែលគ្រោងនឹងសាងសង់ឡើង នៅទីក្រុង Thanh Hoa និងទីក្រុង Da Nang ស្ថិតនៅភាគកណ្តាល ប្រទេសវៀតណាម។
ប្រទេសវៀតណាម គ្របដណ្តប់ចំនួនជិត៤០% នៃប្រភពប្រាក់ចំណេញ នៅក្រៅប្រទេសរបស់ផ្សារទំនើបអ៊ីអន។ ក្រុមហ៊ុនលក់រាយខ្នាតយក្សនេះ បានបោះទុនវិនិយោគ១,៥ពាន់លានដុល្លារ នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
នៅក្នុងរយៈពេល៩ខែ ដំបូងដើមឆ្នាំនេះ ខេត្ត Quang Ninh ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន១៥,៦៤លាននាក់ ដែលក្នុងនោះ រួមមាន ជនបរទេសចំនួនជាង២,៥៩លាននាក់៕ប្រភព: Vnexpress៕