ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀប បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ភ្នាក់ងារអចលនវត្ថុប្រមាណ៤០០ក្រុម ត្រូវបានបញ្ជូន ឈ្មោះទៅកាន់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីនេះថា ទោះជាសមាគម បានបញ្ជូនឈ្មោះក្រុមភ្នាក់ងារទាំងនោះទៅនិយ័តករក្តី ប៉ុន្តែសមាគមមិនឈប់ត្រឹមនេះទេ គឺយើងនៅតែបន្តធ្វើដូចភ្លៀងរលឹម ដើម្បីរកឈ្មោះភ្នាក់ងារអចលនវត្ថុ មិនមានអាជ្ញាប័ណ្ណបញ្ជូន ទៅនិយ័តករបន្ថែមទៀត។
-->
លោកបន្តថា “ការស្វែងរកឈ្មោះនេះ គឺយើងសង្កេតមើលតាមបណ្តាញទំនាក់ទំនងសង្គម និងការផ្តល់ព័ត៌មានជាក់លាក់ពីសមាជិករបស់សមាគម”។ លោកបន្តថា “យើងចង់បង្កើតសួនច្បារមួយដែលមានផ្កាចម្រុះ ដើម្បីចាប់មេអំបៅ ជាជាងយើងរត់តាមចាប់មេអំបៅ”។
លោកសន សៀបបានបន្តថា សមាគមមានបំណងលើកទឹកចិត្ត និងជួយអ្នកនៅក្នុងវិស័យនេះ ដើម្បីជម្រុញទីផ្សារឲ្យមានភាពប្រសើរឡើង និងជម្រុញទំនុកចិត្តដល់ទីផ្សារ ព្រោះបើយើងធ្វើការដោយឈរលើមូលដ្ឋានច្បាប់ទាំងអស់គ្នា និងរួបរួមគ្នា នឹងធ្វើឲ្យមានបរិយាកាសល្អ និងទាក់ទាញការវិនិយោគបន្ថែមពីបរទេស។
លោកបញ្ជាក់ទៀតថា “ការកសាងទំនុកចិត្ត នៅក្នុងទីផ្សារមានសារៈសំខាន់ណាស់ ពិសេសក្នុងស្ថានភាពទីផ្សារដែលមានសភាពយឺតយ៉ាវបែបនេះ”៕
