ដោយៈ និស្ស័យ
បន្ទាយមានជ័យៈ ស្របពេលការអិវឌ្ឍបាននិងកំពុងបោះពួយយ៉ាងលឿន បានធ្វើឲ្យតម្រូវការដីធ្លីកើនឡើង នៅទីក្រុងប៉ោយប៉ែតកើនឡើង ប៉ុន្តែតម្លៃដីធ្លីបានស្ថិតនៅក្នុងសភាពទ្រឹង។
យោងតាមអ្នកអភិវឌ្ឍន៍ជាច្រើនរូប ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ធ្នូថា បច្ចុប្បន្នតម្លៃដីធ្លី និងចលនាទិញលក់ដីធ្លី នៅទីក្រុងកំពុងរីកចម្រើននេះ ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារវាជារយៈពេលបញ្ចប់ ឬចុងឆ្នាំផង និងដីធ្លីនៅតំបន់ខ្លះមិនទាន់មានតម្រូវការផង។
-->

អ្នកអភិវឌ្ឍន៍ដដែលបានបង្ហើបឲ្យដឹងថា តម្លៃដីធ្លីនៅតំបន់ជាប់ផ្លូវជាតិលេខ៥ ជាតំបន់ពាណិជ្ជកម្មមានតម្លៃ១២០០ដុល្លារ និងតំបន់ខ្លះមានតម្លៃ៨០០ តម្លៃ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំងទំហំ និងស្ថានភាពដី ព្រមទាំងទាំងតាំងភូមិសាស្រ្តផងដែរ។
ចំណែកដី នៅជាប់ផ្លូវ “ក៥” ជាតំបន់កាស៊ីណូ និងអាគារខ្ពស់ៗច្រើនដីមាតម្លៃចន្លោះពី៧០០ ទៅ៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបើដីនៅតាមផ្លូវដដែលនេះ ដែលក្រាលក្រួសក្រហម ដីមានតម្លៃចន្លោះពី២០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)លោកយិន លាងគង់ ដែលបានចុះសិក្សាស្វែងយល់ ពីសក្តានុពលនៅទីក្រុងប៉ោយប៉ែតកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍនៅទីក្រុងប៉ោយប៉ែត បាននិងកំពុងរះឡើងជាមួយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងរសរវើក ពិសេសការសាងសង់អាគារខ្ពស់ៗចាប់ពី៥ជាន់ឡើងមានរាប់រយអាគារ ជាមួយនឹងបច្ចុប្បន្នអាគារកំពស់ខ្ពស់ជាងគេ មានកំពស់៣២ជាន់ ស្របពេលដែលអ្នកអភិវឌ្ឈន៍ក្នុងស្រុក និងអន្តរជាតិបាននិងកំពុងរូមគ្នា សាងសង់អាគារកំពស់ជាង៤០ជាន់ផងដែរ។

លោកបន្តថា “ទីក្រុងប៉ោយប៉ែតកំពុងរះឡើង ជាមួយនឹងសក្តានុពលធំៗជាច្រើន ដែលវាជាកំលាំងចលករយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើនទីក្រុងនេះ”។ លោកបន្តថា “តម្លៃដីធ្លីនៅទីក្រុងនេះ អាចមានតម្រូវការ និងតម្លៃកើនឡើងបន្ថែមទៀត នាពេលអនាគត ប្រសិនជារដ្ឋាភិបាល ដោះស្រាយបញ្ហាអគ្គិសនី ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ឋឲ្យបានកាន់តែប្រសើរឡើង”។

ទីក្រុងប៉ោយប៉ែតបាន និងកំពុងប្រឈមបញ្ហាធំៗបីដូចជា ទី១ ទឹកស្អាតមិនគ្រប់គ្រាន់ ប្រភពទឹកសម្រាប់ប្រើប្រាស់ លើការដ្ឋានសំណង់នានាខ្វះខាត ទី២ បញ្ហាគុណភាពថាមពលអគ្គិសនី មានសភាពរអាក់រអួល និងទី៣ បញ្ហាហេដ្ឋារចនាសម្ព័ន្ឋ មិនទាន់មានសភាពប្រសើរ ពិសេសសណ្តាប់ធ្នាប់នៅទីក្រុងមិនទាន់បានរៀបចំ ឲ្យសមស្របនឹងល្បឿននៃការអភិវឌ្ឍជាក់ស្តែង៕
