អាកាសយានដ្ឋានតារាសាគរស្វាគមន៍ជើងហោះហើរលើកទី១ នៅថ្ងៃនេះ

0

ដោយៈ គង់ សូរិយា

    កោះកុងៈ បន្ទាប់ពីពន្យាពេលអស់ជាច្រើនលើកច្រើនសារ នៅទីបំផុតអាកាសយានដ្ឋានអន្តរជាតិសារាសាគរ ក្នុងខេត្តកោះកុងបានស្វាគមន៍ជើងហោះហើរជួល (Charter flight) លើកដំបូងនៅនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ កាលពីរសៀលថ្ងៃទី២៥នេះ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCAI។

ពិធីទទួលស្វាគមន៍ជើងហោះហើរ នៅថ្ងៃនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១៥០នាក់។

លោកស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នាពេលថ្មីៗនេះថា ការទទួលជើងហោះហើរដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងក្នុងស្រុកតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា “អាកាសយានដ្ឋានអន្តរជាតិនេះ នឹងបើកជើងហោះឆាតទើរក្នុងស្រុកពេញលេញ ស្របតាមអនុលោមភាពលក្ខខ​ណ្ឌតម្រូវ និងបទដ្ឋានបច្ចេកទេសនាពេលខាមុខ”។

អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។

តាមផែនការមេស្តីពីការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះ រំពឹងទទួលបានអ្នកដំណើរប្រមាណ៧លាននាក់ និងទំនិញប្រមាណ១ម៉ឺនតោនក្នុង១ឆ្នាំ ព្រមទាំងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here