អ្នកិញផ្ទះអាចប្រើប្រាស់ឥណទានពីធនាគារដែលមានការប្រាក់ទាបជាងមុន និងមានរយៈពេលសងត្រលប់រហូតដល់៣០ឆ្នាំ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសូង ស្ថាប័នពាក់ព័ន្ឋ បាននិងកំពុងធ្វើការរួមគ្នា ដើម្បីឲ្យអតិថិជនដែលមានបំណងទិញផ្ទះ និងទិញផ្ទះហើយមានបញ្ហាបំណុល អាចទទួលបានអត្រាការប្រាក់ទាបជាងមុន និងរយៈពេលសងត្រលប់ចន្លោះពី២៥ទៅ៣០ឆ្នាំ។

ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុន ក្រោមការដឹកនាំដោយលោកឧបនាយលរដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយលោក អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និងស្ថាប័នពាក់ព័ន្ឋជាច្រើនទៀត។

កិច្ចប្រជុំនេះមានការចូលរួម ពីម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (ម្ចាស់បុរី) ប្រធានសមាគមធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពិភាក្សា លើបញ្ហាប្រឈមនានាក្នុងវិស័យសំណង់និងអចលនទ្រព្យ ជាពិសេសការស្វែងរកដំណោះស្រាយ ចំពោះបញ្ហារបស់អតិថិជន ដែលទិញផ្ទះបង់រំលស់ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (ម្ចាស់បុរី)។

អង្គប្រជុំក៏បានពិភាក្សាលើការស្វែងរកលទ្ធភាព ក្នុងការផ្ទេរអតិថិជនទាំងនោះ ទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលជាទូទៅផ្តល់ជូនឥណទានដែលមានអត្រាការប្រាក់ទាបជាង និងមានការវាយតម្លៃលទ្ធភាពសងត្រលប់បានល្អប្រសើរជាង។

កិច្ចសម្របសម្រួលនេះ នឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានទទួលដើមទុនមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ពួកគេ ហើយក៏នឹងជួយអតិថិជន ឱ្យទទួលបានឥណទានទិញផ្ទះ ពីគ្រឹះស្ថានធនាគារ ដែលមានការប្រាក់ទាបជាង និងមានរយៈពេលសងត្រលប់យូរជាងរហូតដល់ទៅ២៥ឆ្នាំ ឬ៣០ឆ្នាំ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួននាពេលកន្លងមក ដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះដល់អតិថិជនទទួលឥណទាន ដែលរួមមានដូចជាការអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ការពន្យាររយៈពេលសងត្រលប់ និងការសម្រួលក្នុងការផ្តល់ឥណទានការប្រាក់ទាប សម្រាប់អ្នកទិញផ្ទះលើកដំបូងជាដើម។

លោកជំទាវទេសាភិបាលបានលើកឡើងថា នឹងបន្តផ្តល់កិច្ចសម្របសម្រួលនានាបន្ថែមទៀត ស្របតាមភាពចាំបាច់ជាក់ស្តែង និងបានជំរុញឱ្យអង្គប្រជុំលើកឡើង ពីកត្តាប្រឈមជាក់ស្តែង ដើម្បីកំណត់បញ្ហាបានត្រឹមត្រូវផងដែរ។

លោកសាយ សំអាល់ បានលើកឡើងពីការកំណត់បញ្ហាត្រូវចំណុចចេញពីកិច្ចប្រជុំនេះ ដោយបានបញ្ជាក់ថា នឹងបង្កើតក្រុមការងារ ដែលមានសមាសភាពពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តធ្វើការលើបញ្ហាជាក់ស្តែងនីមួយៗឱ្យបានលម្អិត សំដៅរកដំណោះស្រាយឱ្យបានឆាប់ៗ។

លោកអ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា ការជួបប្រជុំនេះ គឺផ្តោតលើអតិថិជនដែលទិញលំនៅដ្ឋាននៅបុរីណាមួយ អាចទាក់ទងជាមួយម្ចាស់បុរីឬអ្នកអភិវឌ្ឍន៍ ដើម្បីរុញករណីរបស់គាត់ទៅធនាគារពាណិជ្ជ ដោះស្រាយបញ្ហានេះ។

លោកបញ្ជាក់ថា “ករណីនេះមិនមែនធ្វើទាំងអស់ទេ គឺធ្វើទាក់​ទងនឹងករណីជាក់ស្តែង ព្រោះរដ្ឋាភិបាលគ្រាន់តែជាអ្នកជួយសម្របសម្រួលប៉ុណ្ណោះ មិនមែនរដ្ឋាភិបាលជួយឲ្យខ្ចីលុយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here