ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនវាយតម្លៃឥណទាន S&P Global Ratings របស់សហរដ្ឋអាមេរិកបានព្យាករណ៍ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននឹងធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំ២០២៥នេះ ដោយបន្តធ្លាក់ចុះក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។
ក្រុមអ្នកវិភាគរំពឹងថា ការលក់ផ្ទះថ្មីនៅទូទាំងប្រទេសចិននឹងធ្លាក់ចុះ៨ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹមទំហំទឹកប្រាក់ចន្លោះពី៨,៨ទ្រីលានយ័នទៅ៩ទ្រីលានយ័ន (ប្រមាណ១,២៣ទ្រីលានដុល្លារទៅ១,២៦ទ្រីលានដុល្លារ)ក្នុងឆ្នាំ២០២៥។
លោក Edward Chan អ្នកជំនាញនៅក្រុមហ៊ុន S&P Global Ratings បានអះអាងថា មូលហេតុចម្បង ដែលនាំឱ្យមានការវាយតម្លៃបែបនេះ ដោយសារទំនុកចិត្តរបស់អ្នកទិញផ្ទះនៅតែមានភាពផុយស្រួយ»។

លោកបានបន្តថា ដូច្នេះ រដ្ឋាភិបាលចិននឹងត្រូវបន្តជួយដល់វិស័យនេះជាចាំបាច់ដើម្បីជួយស្ដារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត CNBC។
ក្រុមហ៊ុន S&P បានកត់សម្គាល់ថា គិតចាប់តាំងពីដើមឆ្នាំ២០២៥រហូតមកដល់ពេលនេះ ប្រទេសចិនបានទាញទម្លាក់អត្រាការប្រាក់លើកម្ចីរយៈពេល៥ឆ្នាំត្រឹមតែ០,១ភាគរយប៉ុណ្ណោះ បើធៀបនឹងការទាញទម្លាក់ចំនួន០,៦ភាគរយនៅឆ្នាំ២០២៤
ការណ៍នេះបង្ហាញថា នៅឆ្នាំ២០២៥នេះ ទីក្រុងប៉េកាំងមិនបានបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់លឿនដូចឆ្នាំ២០២៤នោះទេ ទោះបីជាទីផ្សារអចលនទ្រព្យចិននៅតែបន្តធ្លាក់ចុះយ៉ាងណាក្តី៕ប្រភព: CNBC៕







