រាជធានីភ្នំពេញ និងខេត្តសៀមរាបជាប់ក្នុងចំណោមគោលដៅទេសចរណ៍ពេញនិយម និងល្អបំផុតទាំង២៥ នៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខេត្តសៀមរាបរបស់ប្រទេសកម្ពុជាបានជាប់ឈ្មោះជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតនៅឆ្នាំ២០២៥ របស់គេហទំព័រ Tripadvisor ខណៈរាជធានីភ្នំពេញត្រូវបានបញ្ចូលក្នុងបញ្ជីគោលដៅដែលកំពុងពេញនិយម។

ខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥ នៅក្នុងបញ្ជី “Travelers’Choice Awards Best of the Best” ដែលប្រាសាទអង្គរវត្តត្រូវបានពិពណ៌នាថា ជាប្រាសាទសាសនាដ៏ធំបំផុតមួយក្នុងពិភពលោក រួមជាមួយនឹងទីក្រុងអង្គរធំនាសតវត្សទី១២ ជាហេតុផលចម្បងដែលត្រូវមកទស្សនាខេត្តសៀមរាប។

ទីភ្នាក់ងារ Tripadvisor បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា “ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តសៀមរាបអាចទទួលបានមេរៀនប្រវត្តិសាស្ត្រនៅភូមិវប្បធម៌កម្ពុជា និងមេរៀនក្នុងការចរចាតម្លៃទំនិញនៅផ្សាររាត្រីអង្គរ តូបលក់ទំនិញ អាជីវករលក់អាហារ និងបារ”។

ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងបញ្ជីខាងលើ តាមពីក្រោយដោយកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី និងទីក្រុងឌូបៃក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

Tripadvisor សរសេរបន្តថា ខេត្តសៀមរាបក៏ជាប់ចំណាត់ថ្នាក់ទី១០ក្នុងបញ្ជីគោលដៅទេសចរណ៍វប្បធម៌ផងដែរ ដោយសារទិដ្ឋភាពសិល្បៈរស់រវើក និងបេតិកភណ្ឌយ៉ាងសំបូរបែប ដែលទាក់ទាញអ្នកធ្វើដំណើរជុំវិញពិភពលោក។

រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់ទី១៧ នៅក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥ ដែលកំពុងពេញនិយម(Trending)។ ត្រង់ចំណុចនេះ Tripadvisor បានលើកឡើងថា “អ្នកធ្វើដំណើរដែលមានបំណងចំណាយប្រាក់តិចនឹងពេញចិត្តចំពោះបន្ទប់សណ្ឋាគារដែលមានតម្លៃសមរម្យនៅរាជធានីភ្នំពេញ”។

Tripadvisor បានគូសបញ្ជាក់​ថា “ភ្ញៀវទេសចរ​ណ៍ក៏​អាច​ស្វែង​យល់​ពីសំណង់អគារ​ប្រវត្តិសាស្ត្រ​ក្នុងសម័យអាណានិគម​បារាំង​នៅទីក្រុងភ្នំពេញផងដែរ។ ក្រៅពីនេះ វាលពិឃាតបឹងជើងឯក ជាការរំលឹកពីអតីតកាលដ៏សោកនាដកម្មរបស់កម្ពុជា ខុសផ្ទុយស្រឡះពីទីក្រុង ដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ននេះ”។

កាលពីឆ្នាំ២០២៤កន្លងទៅ ភ្ញៀវទេសចរណ៍បរទេសសរុបចំនួន៦,៧លាននាក់បានធ្វើដំណើរចូលមកទស្សនាប្រទេសកម្ពុជា ដែលភាគច្រើនមានប្រភពមកពីប្រទេសថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក៕​ប្រភព: Tripadvisor៕

LEAVE A REPLY

Please enter your comment!
Please enter your name here