ដោយ: គង់ លាងហួរ
បាងកក: ក្រុមភ្ញៀវទេសចរណ៍ចិនជាច្រើនបានសម្រេចលុបចោលការកក់សណ្ឋាគារ និងជើងហោះហើរទៅកាន់ប្រទេសថៃក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខ ដោយសារក្តីព្រួយបារម្ភអំពីសុវត្ថិភាព។
កាលពីសប្តាហ៍មុន លោក Eason Chan តារាចម្រៀង និងជាតារាសម្តែរបស់ហុងកុង បានលុបចោលកម្មវិធីប្រគុំតន្ត្រី ដែលគ្រោងរៀបចំនៅក្នុងប្រទេសថៃ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពចំពោះអ្នកគាំទ្រជនជាតិចិនដែលមកទស្សនាប្រទេសនេះ។
ជាមួយគ្នានោះ ការិយាល័យសន្តិសុខរបស់ទីក្រុងហុងកុងបានបញ្ជូនក្រុមការងារទៅកាន់ប្រទេសថៃក្នុងសប្តាហ៍នេះ ដើម្បីតាមដានករណីពលរដ្ឋហុងកុងត្រូវបានគេល្បួងឱ្យធ្វើការខុសច្បាប់។
-->
លោកស្រី Prachoom Tantiprasertsuk ប្រធានផ្នែកទីផ្សារនៃសមាគមសណ្ឋាគារថៃ (THA) បានលើកឡើងថា សណ្ឋាគារនៅតាមគោលដៅសំខាន់ៗ ដែលផ្តោតជាសំខាន់ទៅលើក្រុមភ្ញៀវទេសចរណ៍ចិនចាប់ផ្តើមទទួលបានសំណើលុបចោលការស្នាក់នៅ ជាពិសេសនៅទីក្រុងបាងកក។

លោកស្រីបានបន្តថា ផលប៉ះពាល់លើភ្ញៀវទេសចរណ៍ជាក្រុម លេចចេញឡើងកាន់តែច្បាស់ ដោយសារក្រុមហ៊ុនទេសចរណ៍នានាអាចលុបចោលការកក់សណ្ឋាគារ និងសំបុត្រយន្តហោះរបស់ពួកគេ ខុសផ្ទុយពីភ្ញៀវទេសចរណ៍ឯករាជ្យ ដែលបានកក់ទុកហើយ មិនអាចដកប្រាក់វិញបាននោះទេ។
លោកស្រី Prachoom បានបន្តទៀតថា បច្ចុប្បន្ននេះ សមាគមសណ្ឋាគារថៃ (THA) កំពុងតាមដានស្ថានការណ៍នៅតាមសណ្ឋាគារនានាទូទាំងប្រទេស ហើយយើងនឹងអាចព្យាករណ៍ពីផលប៉ះពាល់បានកាន់តែច្បាស់លាស់។
មុនពេលផ្ទុះកក្រើកករណីជួញដូរមនុស្សលើតារាសម្តែងចិនលោក Wang Xing សណ្ឋាគារនានានៅក្នុងប្រទេសថៃ បានទទួលការកក់ទុកយ៉ាងច្រើនសម្រាប់ថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន។
ត្រង់ចំណុចនេះ លោកស្រី Prachoom បានគូសបញ្ជាក់ថា មុនពេលផ្ទុះករណីខាងលើ សណ្ឋាគារនៅទីក្រុងបាងកកទទួលបានអត្រានៃការស្នាក់នៅចាប់ពី៧០ភាគរយទៅ៨០ភាគរយ ខណៈសណ្ឋាគារនៅរមណីយដ្ឋានកោះភូកេតទទួលបានអត្រានៃការស្នាក់នៅចាប់ពី៨០ភាគរយទៅ៩០ភាគរយ។
ដោយឡែក លោក Nuntaporn Komonsittivate ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air បានលើកឡើងថា យើងសង្កេតឃើញមានការលុបចោលជើងហោះហើរមួយចំនួនធំពីសំណាក់ក្រុមភ្ញៀវទេសចរណ៍ចិន។

ជាក់ស្ដែង ប្រតិបត្តិករទេសចរណ៍ ដែលបានរៀបចំជើងហោះហើរពិសេសទៅកាន់កោះភូកេតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ បានសម្រេចចិត្តលុបចោលកម្មវិធីរបស់ពួកគេវិញ ដោយសារតម្រូវការរបស់ក្រុមភ្ញៀវទេសចរណ៍ចិនធ្លាក់ចុះ។
យ៉ាងណាមិញ ការកក់ពីសំណាក់អ្នកដំណើរជាលក្ខណៈបុគ្គលម្នាក់ៗនៅតែមិនផ្លាស់ប្តូរ ដោយសារផែនការរបស់ពួកគេមានភាពបត់បែនជាងមុន៕ប្រភព: Bangkok Post ៕