ឥណ្ឌូនេស៊ីកំពុងបោះជំហានពីឋានៈជាតួអង្គសំខាន់នៅក្នុងតំបន់អាស៊ាន ទៅជាប្រទេសមានឥទ្ធិពលជាសកល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសម្រេចអនុម័តឱ្យប្រទេសឥណ្ឌូនេស៊ីចូលជាសមាជិកក្នុងក្រុមប្រទេស BRICS នាពេលថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញសេដ្ឋកិច្ច និងពង្រីកឥទ្ធិពលជាសកលរបស់ប្រទេសឥណ្ឌូនេស៊ីនៅលើឆាកអន្តរជាតិ។នេះ​បើ​យោងតាម​សេដ្ឋវិទូ​ចិនលោក Song Qinghui។

សេដ្ឋវិទូរូបនេះអះអាងថា ​សមាជិកភាព​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ការបោះជំហាន​យ៉ាងសំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ការ​ចូល​រួម​ចំណែកកាន់​តែ​ច្រើន​ក្នុង​កិច្ចការ​ពិភពលោក។

បើតាមលោក Song ការបើកចំហទីផ្សារទៅកាន់បណ្តាប្រទេស BRICS នឹងក្លាយជាកត្តាសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ហើយនៅពេលផលិតផលរបស់ឥណ្ឌូនេស៊ីអាចនាំចេញទៅកាន់បណ្តាប្រទេស BRICS នោះកំណើនសេដ្ឋកិច្ចនឹងកើនឡើង។

ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី១នៅតំបន់អាស៊ាន និងជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុតក្នុងពិភពលោក ប្រទេសឥណ្ឌូនេស៊ីមានឥទ្ធិពលយ៉ាងសំខាន់នៅក្នុងតំបន់រួចទៅហើយ។

ទោះជាយ៉ាងណា លោក Song បានចង្អុលបង្ហាញថា ឥទ្ធិពលលើឆាកអន្តរជាតិរបស់ឥណ្ឌូនេស៊ីមិនទាន់ត្រូវគ្នានឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះនៅឡើយ។

លោកអះអាងថា “តាមរយៈការចូលរួមជាមួយអង្គការ BRICS ឥណ្ឌូនេស៊ីមានគោលបំណងបង្កើនឥទ្ធិពល និងសំឡេងរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ”។

ថ្វីត្បិតឥណ្ឌូនេស៊ីជាប្រទេសមានឥទ្ធិពលក្នុងតំបន់អាស៊ានយ៉ាងណាក្តី ប៉ុន្តែ វិស័យឧស្សាហកម្មរបស់ឥណ្ឌូនេស៊ីដើរយឺតជាងបណ្តាប្រទេសសមាជិក BRICS ផ្សេងទៀត ដូចជាប្រទេសចិន និងរុស្ស៊ី។

លោក​ Song Qinghui បន្ត​ថា​ បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​តែ​ពឹងផ្អែក​លើ​សេវាកម្ម និង​ឧស្សាហកម្ម​ជា​ចម្បង ហើយបើប្រៀបធៀបទៅនឹងប្រទេសរុស្ស៊ី និងប្រទេសចិន វិស័យឧស្សាហកម្មរបស់ឥណ្ឌូនេស៊ីមានការអភិវឌ្ឍន៍តិចតួចណាស់។

លោកបានពន្យល់បន្ថែមទៀតថា ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីជាប្រភពផលិតរ៉ែនីកែលដ៏សំខាន់មួយ ឋានៈរបស់ប្រទេសនេះនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មពិភពលោកនៅតែស្ថិតក្នុងកម្រិតទាប។

លោកជឿជាក់ថា “សមាជិកភាពរបស់ឥណ្ឌូនេស៊ីនៅក្នុងក្រុមប្រទេស BRICS នឹងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនកាន់តែមានភាពស៊ីជម្រៅជាមួយបណ្តាប្រទេសជាសមាជិករបស់ប្លុកនេះ ជាពិសេសនៅក្នុងវិស័យដូចជាការអភិវឌ្ឍន៍ឧស្សាហកម្មជាដើម”។

លោក Song បានលើកឡើងថា “នៅក្នុងវិស័យកែច្នៃរ៉ែនីកែល ប្រទេសចិនអាចផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដើម្បីជួយប្រទេសឥណ្ឌូនេស៊ីក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ឧស្សាហកម្មនីកែលរបស់ខ្លួន”។ លោក​បាន​បន្ថែម​ថា រុស្ស៊ី​អាច​ជួយ​ឥណ្ឌូនេស៊ី​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ឧស្សាហកម្ម​របស់​ខ្លួន។

លោកបានបន្ថែមថា “ចំពោះដំណើរការឧស្សាហកម្ម ប្រទេសរុស្ស៊ីអាចជួយឥណ្ឌូនេស៊ីក្នុងការពង្រីក និងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងខ្សែសង្វាក់ឧស្សាហកម្មពិភពលោក”៕ប្រភព: Jakarta Globe៕

LEAVE A REPLY

Please enter your comment!
Please enter your name here